ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍នៃចលនាកម្មករអន្តរជាតិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់ បច្ចុប្បន្ន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរក្នុងការបន្តលើក កម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនង វិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា តាមរយៈការអនុវត្តយ៉ាងពេញលេញនូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ មាន សុវត្ថិភាព-សុខភាពការងារ ដែលការពារផលប្រយោជន៍រួមជូនបងប្អូនកម្មករ និយោជិត និងនិយោជករួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើងប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាប្រចាំផងដែរ។
បន្ថែមពីលើនេះ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ រួមជាមួយនឹងការ ចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ និងស្វាហាប់ របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុនៗ ក៏ដូចជាអាណត្តិបច្ចុប្បន្ន កម្ពុជាអាចរក្សាបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់ នៅប្រកបដោយសេចក្តីសុខសាន្ត មានជីវភាពល្អប្រសើរ មានសេរីភាពបរិបូណ៌ ក្នុងការប្រកបរបរប្រចាំថ្ងៃ ជាពិសេសវិស័យឯកជនអាចពង្រីកនូវការវិនិយោគលើផលិតកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្ម គ្រប់ប្រភេទ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត ដែលនឹងជួយផ្តល់នូវប្រាក់ចំណូល និងកម្រិតជីវភាពកាន់តែល្អប្រសើរឡើង។ ការណ៍នេះសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះបុគ្គលិក កម្មករ និយោជិត និងសហជីពទាំងអស់ដែលមានវត្តមាន និង កំពុងបំពេញសកម្មភាពការងារនៅក្នុងប្រទេសកម្ពុជា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាច្រើនដំណាក់កាល ក្នុងចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០២៤ ដែលរួមមានដូចជា ការសាងសង់ផែកុងតឺន័រប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក -១១,៥ម៉ែត្រ; ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស; ការបំពាក់មធ្យោបាយលើកដាក់ កុងតឺន័រទំនើបៗ; ការសាងសង់ផែពហុបំណងប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក -១៣,៥ម៉ែត្រ និង ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងដែលមានបណ្តោយប្រវែង ២០០ម៉ែត្រ ជម្រៅទឹក -៧,៥ម៉ែត្រ; ការកែសម្រួលផែទំនិញទូទៅ ទៅជាចំណតផែកុងតឺន័រជម្រៅទឹក -១០,៥ម៉ែត្រ; ការបូមស្តារជម្រៅទឹកចំណតផែកុងតឺន័ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក -១១,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹក កុងតឺន័រជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ព្រមទាំងធ្វើឱ្យសមត្ថភាពផែសរុបកើនដល់ជាង ១លាន TEUs ក្នុងមួយឆ្នាំ និងឃ្លាំងទុកដាក់ទំនិញផ្សេងៗទៀត។
បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ និងសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែសរុបមានចំនួនជាង ១ លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០លានដុល្លារអាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១ ៥៦៦គ្រឿង កើនឡើង ៣,៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%។
ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន ការអភិវឌ្ឍប្រទេស និងសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍ និងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន រួមមាន៖
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក -១៤,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក -១៣,២ម៉ែត្រ ដែលមានចំណុះផ្ទុក ៦០ ០០០DWT ស្មើនឹង ៤ពាន់TEUs ចូលចតបាន។ គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងកាត់ បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០$/TEU៕
ដោយ៖ គង់ សិរីរ័ត្ន





