ឯកឧត្ដម នេត្រ ភក្រ្ដា៖ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ប្រព័ន្ធផ្សព្វផ្សាយដែលមានការចុះបញ្ជិកា មានអាជ្ញាប័ណ្ណត្រឹមត្រូវមានចំនួន ១ ៦២០ អង្គភាពសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ប្រព័ន្ធ ផ្សព្វផ្សាយ ដែលមានការចុះបញ្ជិកា មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយមានភាពស្របច្បាប់នៅក្នុងការអនុវត្តមុខងាររបស់ខ្លួនក្នុងនាមជាអង្គភាពសារព័ត៌មាននៅកម្ពុជា គឺមានចំនួន ១ ៦២០ ស្ថាប័ន អង្គភាពសារព័ត៌មាន ដែលនៅក្នុងនោះគឺយើងមានការបែងចែកជាពីរគឺប្រភេទប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រភេទប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ដីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។


ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងថា ទិន្នន័យជារួមនេះ គឺមានគេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៨៣៩អង្គភាព ខណៈដែលយើងមានទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងចំនួន ១៨ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ៣ កាសែតបោះពុម្ពចំនួន ១២៥ សមាគមសារព័ត៌មានដែលបានចុះបញ្ជិកានៅក្រសួងមហាផ្ទៃ ហើយបានចុះបញ្ជិកានៅក្រសួងព័ត៌មាន ដើម្បីប្រតិបត្តិការការងារស្របតាមច្បាប់មានចំនួន ២៦ ទស្សនាវដ្តីមានចំនួន ៦ ព្រឹត្តិបត្រមានចំនួន ១២ រោងពុម្ពបោះពុម្ពមានចំនួន៨៩ សៀវភៅចំនួន ២២ ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន ១៦ ស្ថានីយទូរទស្សន៍ផ្សាយបន្តផ្ទាល់មានចំនួន ១០១ ស្ថានីយទូរទស្សន៍ឌីជីថលមានចំនួន ១២ ស្ថានីយទូរទស្សន៍អនឡាញមានចំនួន ៩ ស្ថានីយទូរទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមានចំនួន ៤៦ ស្ថានីយទូរទស្សន៍ប្រព័ន្ធអូធីធីមានចំនួន ១២ និងស្ថានីយទូរទស្សន៍តាមប្រព័ន្ធសាត់ថឹឡាយចំនួន ៣ បើបូកសរុបទៅគឺមានចំនួន១៦២០។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ចំណែកឯអ្នកសារព័ត៌មានវិញមានចំនួនប្រមាណជា ១ម៉ឺននាក់ ប៉ុន្តែចំនួននេះមិនទាន់បានចុះអស់ទេ ដោយសារតែបងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ក៏ប៉ុន្តែអង្គភាពរបស់គាត់អត់បានចុះបញ្ជីត្រឹមត្រូវ ហើយគាត់ក៏មិនមានការទទួលចុះឈ្មោះប្រសិនជាបម្រើការងារនៅក្នុងអង្គភាពដែលពុំមានចុះបញ្ជី ដោយជាស្វ័យប្រវត្តិពួកគាត់មិនអាចធ្វើបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានបានទេ។
ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានលើកឡើងថា៖ «អ្វីដែលយើងបានកំណត់នៅក្នុងបញ្ជីរបស់ក្រសួងព័ត៌មានត្រឹម ចុងឆ្នាំ២០២៤ ដែលយើងបានបូកពេញមួយឆ្នាំ២០២៤ គឺក្នុងចំណោមអ្នកសារព័ត៌មានដែលយើងបាន វាយតម្លៃថាមានប្រហែលជា ១ម៉ឺននាក់នោះ គឺមានចំនួន ៨ ០៦២នាក់ ដែលបានមកធ្វើប័ណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានស្មើនឹង ៨ ០៦២ ប័ណ្ណ ខណៈដែលយើងមានប័ណ្ណអ្នកសារព័ត៌មានអន្តរជាតិ ចំនួន ១០២ប័ណ្ណ ចំណែកឯ ៨៦១រូប គឺជាអ្នកសារព័ត៌មានស្ត្រី»៕
ដោយ៖ ចាន់ សុភឿន, រូបថត៖ ខឹម សុវណ្ណារ៉ា





