របាយការណ៍ក្នុងឆ្នាំ២០២៥ រកឃើញ ៨១,៤ភាគរយ បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពល្អប្រសើរ ខណៈឆ្នាំ២០២៤ មាន៧៩,៨ភាគរយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ ការស្ទង់មតិទៅលើអ្នកសារព័ត៌មានដោយចៃដន្យមានចំនួន៥០០នាក់ បានរកឃើញ ៨១,៤ភាគរយ បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ បើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងទៅគឺមាន៧៩,៨ភាគរយ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ដីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។


ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ ការស្ទង់មតិទៅលើអ្នកសារព័ត៌មានដោយចៃដន្យមានចំនួន៥០០នាក់ ដែលចំនួននេះ មានការកើនឡើង១៥០នាក់ បើប្រៀបធៀបទៅនឹងរបាយការណ៍ និងការសម្ភាសន៍អ្នកសារព័ត៌មានដោយចៃដន្យកាលពីឆ្នាំ២០២៤កន្លងទៅ ដែលមានចំនួន ៣៥០នាក់។ ឯកឧត្ដមបានអះអាងថា ការកើនឡើងចំនួននេះគឺដើម្បីធ្វើឱ្យមានសុគតិភាព ក៏ដូចជាសុក្រឹតភាពកាន់តែខ្ពស់ និងមានគុណភាពថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការស្ទង់មតិនេះគឺបានរៀបចំជាកម្រងសំណួររហូតដល់៥០០ ហើយបានជ្រើសរើសអ្នកសារព័ត៌មានចំនួន៥០០ ហើយលទ្ធផលដែលយើងបានទទួលពីអ្នកសារព័ត៌មានចំនួន៤៦៧រូប ក្នុងនោះ មានអាយុចាប់ពីចន្លោះ១៨ឆ្នាំ ដល់ ៧០ឆ្នាំ ហើយចំពោះក្រុមអ្នកសារព័ត៌មានដែលបានធ្វើការស្ទង់មតិ និងឆ្លើយនឹងសំណួរនេះ គឺមានអាយុជាមធ្យម ៤៣ឆ្នាំ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជក់យ៉ាងដូច្នេះថា៖ «ស្ថានភាពជារួមក្នុងរបាយការណ៍ដែលបានរកឃើញនេះគឺពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា អ្នកសារព័ត៌មានចំនួន ៨១,៤ ភាគរយ បានឆ្លើយថា ប្រទេសកម្ពុជាមានសេរីភាពសារព័ត៌មានល្អប្រសើរ ដែលនៅក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ៧២,២ភាគរយ បានវាយតម្លៃថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អ ខណៈ៩,២ភាគរយ បានវាយតម្លៃថា សេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត។ ទី២ មានអ្នកស្ទង់មតិចំនួន១,៥ភាគរយ បានយល់ថា សេរីភាពសារព័ត៌មាននៅមិនទាន់បានល្អ និងមានភាពល្អនៅឡើយទេ ខណៈ១៧,១ភាគរយ មិនបានផ្ដល់យោបល់នោះទេ។»
ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ឱ្យដឹងទៀតថា ការវាយតម្លៃអំពីស្ថានភាព និងសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរនេះគឺដោយឈរលើកត្ដាមួយចំនួន ហើយក្នុងចំណោមអ្នកសារព័ត៌មានដែលធ្វើការសម្ភាសន៍នេះ គឺមាន៧១,៥ ភាគរយ បានវាយតម្លៃថា សណ្ដាប់ធ្នាប់សារព័ត៌មានគឺមានភាពល្អប្រសើរដែលសំដៅទៅលើការយល់ដឹងអំពីរបៀបរបរនៃការអនុវត្ដនូវមុខងារតួនាទី ភារកិច្ចជាអ្នកសារព័ត៌មាន ដែលសណ្ដាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានរបស់យើងមានភាពល្អប្រសើរគឺមានន័យថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺកាន់តែមានភាពចាស់ទុំ មានការយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈក៏ដូចជាការអនុវត្ដតាមវិជ្ជាជីវៈសារព័ត៌មាន ការធ្វើតុល្យភាពព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានដោយផ្ទៀងផ្ទាត់នូវប្រភពច្បាស់លាស់ ជាពិសេសប្រភពព័ត៌មានគឺគ្រប់ជ្រុងជ្រោយ។ ឯកឧត្ដមបានបន្ថែមថា បើប្រៀបធៀបឆ្នាំ២០២៤ មកឆ្នាំ២០២៥គឺមានភាពល្អប្រសើរច្រើនដោយសារកន្លងទៅនេះគឺមានការបណ្ដុះបណ្ដាល ការបញ្ជ្រាបនូវចំណេះដឹង វគ្គបណ្ដុះបណ្ដាលអប់រំខ្លីៗអំពីបច្ចេកទេសក្នុងការសរសេរព័ត៌មាន ការយកព័ត៌មានក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនេះ មាន៦៨ភាគរយ បានឆ្លើយថា ស្ថានភាព ឬទង្វើប្រាសចាកក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានគឺបានថយចុះ ក្នុងនោះ រាប់ទាំងការកំហែងទារផងដែរ ឬការប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានផ្ទុយទៅនឹងច្បាប់ក៏មានការថយចុះផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា ការថយចុះនេះ គឺដោយសារតែមានការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងការកើនឡើងនូវចំណេះដឹងរបស់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងកម្រិត ៧៧,៥ភាគរយ នៃអ្នកសារព័ត៌មានដែលបានឆ្លើយទៅនឹងសំណួរថា ខ្លួនបានអនុវត្ដន៍វិជ្ជាជីវៈស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀត។
បើតាមឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងចំណោមអ្នកសារព័ត៌មានដែលបានធ្វើការសម្ភាសន៍នេះគឺ៧៧,៥ភាគរយ ដែលបានអនុវត្ដន៍ទៅតាមអ្វីដែលជាក្រមសីលធម៌វិជ្ជាជីវៈ។ ៨៦ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញ នៅក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានដោយមានសុវត្ថិភាព និងភាពងាយស្រួលនៅក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ចំណែក៩៩ភាគរយ គឺបានបញ្ជាក់ថា អ្នកសារព័ត៌មាន៩៩ភាគរយឯកភាពថា អ្នកសារព័ត៌មានមានសិទ្ធិ និងករណីកិច្ចត្រូវអនុវត្ដន៍សកម្មភាពអាជីពស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់។

សូមជម្រាបជូនថា ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា សម្រាប់អ្នកសារព័ត៌មានដែលបានរៀនក្នុងកម្រិតសិក្សាបញ្ចប់ក្នុងកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យក្នុងចំណោម៤៦៧រូបនេះ គឺមាន៥៤ភាគរយ បានសិក្សាបញ្ចប់ថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ៣៣ភាគរយ បញ្ចប់ថ្នាក់បរិញ្ញាបត្រ និង៩ភាគរយ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ចំណែកប្រព័ន្ធផ្សព្វផ្សាយដែលបានយើងបានជ្រើសរើសគឺ ទី១ ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីសំដៅលើគេហទំព័រ ធីវីអនឡាញគឺមានចំនួន៤៥,៤ភាគរយ ស្ថានីយទូរទស្សន៍ដែលបានចូលរួមក្នុងការស្ទង់មតិនេះគឺមានចំនួន២៩,៦ភាគរយ ស្ថានីយវិទ្យុ ១០ភាគរយ និងអង្គភាពបោះពុម្ពចំនួន៣ភាគរយ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





