ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ចាប់ផ្ដើមពីផ្លូវជាតិ៦៤ ទៅដល់ស្រុកសង្គមថ្មី គ្រោងនឹងបញ្ចប់ការសាងសង់ នៅដើមខែមិថុនា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥–ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣៧,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីផ្លូវជាតិ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ដោយឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែងមួយ រអាង និងឃុំស្ដៅ។

ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់ដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ផ្លូវ១ខ្សែនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាពិសេសបម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ទៅទីផ្សារ និងជាមធ្យោបាយប្រើប្រាស់សម្រួលដល់ការទទួលបានសេវាសាធារណៈ ព្រមទាំងទាក់ទងការវិនិយោគឯកជននានាផងដែរ៕




ដោយ៖ គង់ សិរីរ័ត្ន





