រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ១ឧសភា
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥--
លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុកកម្មករ កម្មការនី នៅរោងចក្រកាត់ដេរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរស្ថាប័នជុំវិញខេត្ត និងបងប្អូន កម្មករ កម្មការនីរោងចក្រសហគ្រាសជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុន្នី បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំងគោលនយោបាយ អាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿន ការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ រួមមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា គោលនយោបាយជាតិស្ដីពីមុខរបរការងារ ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ អនុវត្តនូវការកែទម្រង់មុតស្រួច បាវចនា កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

ទន្ទឹមនឹងនេះលោកជំទាវបានបន្តថា នេះជាសក្ខីភាពមួយដែលកម្មករ ទទួលបានប្រាក់ចំណូលជាមធ្យមពី២៥០ ទៅ៣៥០ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិត ជាមធ្យមក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗជាច្រើនទៀត ការរីកលូតលាស់ នៃវិស័យឧស្សាហកម្មរបស់កម្ពុជា បានធ្វើឱ្យចំនួនរោងចក្រ និងកម្មករនយោជិត ក៏មានការកើនឡើងផងដែរ ដែលកត្តាទាំងនេះបានរួមចំណែកបង្កើនចំណូលរបស់ប្រពលរដ្ឋខេត្តកំពង់ឆ្នាំង កាត់បន្ថយភាពក្រីក្រ ចៀសផុតការធ្វើចំណាកស្រុក និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ក្នុងបរិបទនេះលោកជំទាវតំណាងរាស្ត្របានអំពាវនាវដល់លោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិតបដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចងក្រងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕
ដោយ បៃ ស៊ីថុន





