នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពាំងចំបក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំជាច្រើននាក់។

បន្ទាប់ពីពិធីក្រុងពលីតាមបែបប្រពៃណីសាសនារួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានចំនួនជាង៤០០០ នាក់ និងអ្នកនៅក្នុងបន្ទុកជាច្រើនពាន់នាក់និងបានបញ្ជាក់ជូនអំពីគម្រោងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នៅពេលនេះ ដែលមានទំហំ ៣១៨,១៣ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចែកចេញជា៧បន្ទប់សម្រាប់បម្រើនិរន្តរភាពការងាររបស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលគ្រោងចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកការរៀបចំចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមនេះត្រូវបានចំណាយទឹកប្រាក់ជាង៣៣លាន២៧ម៉ឺនរៀល។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ នៅពេលនេះនិងបានថ្លែងកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ក្នុងការបម្រើនិងដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅបានយ៉ាងល្អប្រសើរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះ ដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឱ្យបងប្អូនអតីតយុទ្ធជន សម្ដេចលោកបានអនុញ្ញាតឱ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដាខេត្តរាជធានី ដើម្បីងាយស្រួលក្នុងការដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជនយើង។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានផ្ដាំផ្ញើដល់ក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេសនិងគំរូប្លង់ដែលត្រូវសាងសង់។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្តកំពង់ធំបានផ្ដល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥ម៉ឺន ក្នុងម្នាក់ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ដែលបានចូលរួម៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





