ផលិតផលម្រេចខ្មៅនៅស្រុកសំឡូតឆ្នាំនេះមានតម្លៃល្អលើទីផ្សារ
AKP បាត់ដំបង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥--
បច្ចុប្បន្នផលម្រេចខ្មៅដែលប្រជាកសិករនៅស្រុកសំឡូតប្រមូលបាន និងហាលសម្ងួតស្ងួតល្អ កំពុងមានទីផ្សារល្អដែលគេអាចលក់បានចាប់ពី២៥០០០ ទៅ២៨០០០រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបតម្លៃនេះទៅនឹងឆ្នាំកន្លងទៅគឺខុសគ្នា ពោលគឺកើនឡើងជិតពាក់កណ្ដាល ដែលធ្វើឱ្យកសិករប្រកបមុខរបរដាំម្រេចសប្បាយរីករាយ។

លោក សឿម សុវណ្ណ ជាប្រជាកសិកររស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ថា លោកមានផ្ទៃដីចម្ការម្រេចប្រមាណមួយហិកតាដែលអាចប្រមូលផលលក់ដើម្បីលើកកម្ពស់ជីវភាពគ្រួសារបានល្អប្រសើរ ហើយសម្រាប់អ្នករស់នៅឃុំស៊ុង ភាគច្រើនបានប្រកបមុខរបរដាំដើមម្រេចដូចៗគ្នាជាច្រើននាក់។ មុខរបរដាំម្រេចនេះក៏ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យទទួលបានផលល្អ ព្រោះផ្លែម្រេចនៅពេលដែលចាប់ផ្ដើមឱ្យផល គឺយើងអាចប្រមូលផលម្រេចខ្ចីចំពោះផ្លែណាដែលអន់ៗយើងអាចកាត់លក់បាន ដែលម្រេចខ្ចីនេះគឺគេទិញយកទៅធ្វើជាម្ហូបអាហារជាដើម។

កសិកររូបនេះបានបន្ថែមថា លុះដល់ដំណាក់កាលម្រេចចាស់ល្អ គឺពួកគាត់ចាប់ផ្ដើមកាត់ប្រមូលផលយកមកហាល ដើម្បីធ្វើឱ្យក្លាយទៅជាម្រេចខ្មៅ ដែលក្នុងនោះគេត្រូវបញ្ចូលទៅក្នុងម៉ាស៊ីនកិនប្រឡេះដើម្បីឱ្យម្រេចរបេះទង និងបក់រែងយកគ្រាប់ម្រេចសុទ្ធល្អដោយមិនមានកម្ទេចរបស់ទងម្រេចឡើយ ហើយរយៈពេលនៃការហាលគឺប្រមាណបីថ្ងៃប៉ុណ្ណោះ លុះម្រេចក្រៀមស្ងួតល្អអាចលក់ទៅលើទីផ្សារបាន។ សម្រាប់ម្រេចខ្ចីទុំស្រស់មួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយកាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦.០០០ រៀល ក្នុងមួយគីឡូក្រាម លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥.០០០ ទៅ២៨០០០ក្នុងមួយគីឡូក្រាម។ តម្លៃនេះលើសពីឆ្នាំមុនច្រើន និងអាចទទួលយកបាន។ ពួកឈ្មួញកណ្តាលបានចុះមកទិញដល់ផ្ទះតែម្ដង បើទោះបីជាតំបន់ដែលលោករស់នៅកៀកក្បែរនឹងព្រំដែនថៃក៏ដោយ។ ឈ្មួញដែលដើរប្រមូលទិញម្រេចខ្មៅទាំងនេះយកទៅលក់បន្តនៅភ្នំពេញនិងប្រទេសប្រទេសជិតខាង ហើយផលិតផលម្រេចនៅស្រុកសំឡូតខេត្ដបាត់ដំបងមានការនិយមចូលចិត្តពីអតិថិជនព្រោះជាម្រេចធម្មជាតិ មិនប្រើសារធាតុគីមីដើម្បីបង្កើនទិន្នផលនោះឡើយ៕

ដោយ សុផល





