សត្វក្រៀលចំនួន៤០ក្បាលកំពុងបន្តមានវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥-- តាមព័ត៌មានទទួលបានពីក្រុមការងាររបស់អង្គការ NatureLife យើងដែលធ្វើជំរឿនសត្វក្រៀលតំបន់ការពារទេសភាពអន្លង់ព្រីង នាល្ងាចថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សត្វក្រៀលចំនួន៤០ក្បាលកំពុងបន្តមានវត្តមាននៅតំបន់នេះ។

បើប្រៀបធៀបលទ្ធផលជំរឿនខែដូចគ្នាក្នុងឆ្នាំ២០២៤ឃើញថា ចំនូនសត្វក្រៀលបន្តមានវត្តមាននៅតំបន់នេះក្នុងចំនួនដ៏ច្រើន។ នេះបញ្ជាក់ថា តំបន់ទេសភាពអន្លង់ព្រីងនៅតែជាតំបន់ដ៏សំខាន់មួយក្នុងការរកចំណីរបស់សត្វក្រៀល។ សូមជម្រាបជូនថា តំបន់ទេសភាពអន្លង់ព្រីងជាតំបន់ដ៏ពិសេសទាក់ទាញសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជឱ្យមករកចំណីចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយក្រសួងបរិស្ថានបានគាំទ្រដល់កសិករនៅភូមិគោលដៅចំនួន៤ នៅតំបន់ការពារទេសភាពនេះដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀលដើម្បីធានាថាតំបន់ដីសើមនិងវាលស្រែជាទីជម្រកមានសុវត្ថិភាព និងផ្តល់ចំណីបន្ថែមដល់សត្វក្រៀល៕



ដោយ ណយ នឿន (ប្រភព៖ NatureLife)





