លោក ជីញ គួង ត្រូវបានប្រកាសតែងតាំងជាប្រធានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងផ្ទេរភារកិច្ច លោក ជីញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសលោក ស៊ូ ស៊ុន្ធរ៉ា ដែលត្រូវបានផ្ទេរភារកិច្ចថ្មីទៅជាប្រធានមន្ទីរសាធារណការ និងដឹកនាំជញ្ជូនខេត្តកែបវិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក លោក មេឃុំចៅសង្កាត់ មន្ត្រីរាជការសរុបប្រមាណជា៣០០នាក់ នៅបន្ទប់អគារសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងរម្លឹកដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ មន្ទីរ អង្គភាពជំនាញ ដើម្បីគាំទ្រ អនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ នៅក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពនិងគណនេយ្យភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរថ្មី ត្រូវបង្ហាញនូវចំណេះជំនាញ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ចូលរួម អន្តរាគមន៍ឱ្យទាន់ពេលវេលា និងសហការធ្វើការរួមគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូននិងអាជ្ញាធរខេត្ត ផ្តល់ផលប្រយោជដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងមានភាពជាអ្នកដឹកនាំ។

ពាក់ព័ន្ធនឹងការនយោបាយ ឯកឧត្តមរដ្ឋមន្ត្រឺបានផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្មនិងមានចិត្ត មានបេះដូងក្នុងការលើកឡើងពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ ដោយត្រូវមានភស្តុតាងច្បាស់លាស់ពេញលេញនិងឆ្លើយតបឱ្យចំគោលដៅ៕


ដោយ លឹម សាន្ត





