ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ជួបអនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុញ្ញាតឱ្យលោក ANDREA BERG អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ភួង ស៊ីផាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោក អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឱកាសនេះ និងបានចាត់ទុកដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ បាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-អឺរ៉ុប ដែរមានការទំនាក់ទំនងគ្នាជាបន្ដបន្ទាប់ក្នុងសម័យបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជា-អឺរ៉ុបមានការទំនាក់ទំនងឈានដល់ការអភិវឌ្ឍន៍ទៅមុខជាបន្ដបន្ទាប់ ដើម្បីចែកបទពិសោធន៍គ្នាទៅវិញទៅមក ជួយបណ្ដុះបណ្ដាលសិក្សានាយទាហានបន្ដវេនជំនាន់ក្រោយ មានចំណេះជំនាញលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ កសាងប្រទេសជាតិយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានភាពល្អប្រសើរគួរជាទីមោទនៈភាពខ្លាំងណាស់។ កម្ពុជា-អឺរ៉ុប មានការទំនាក់ទំនងបន្ដទៀតឱ្យមានសិស្សនិស្សិតបានផ្ដល់នូវការសិក្សានៅប្រទេសអឺរ៉ុបកាន់តែច្រើនឡើង ក៏ដូចជាវិស័យការពារជាតិ ដែរផ្ដល់បច្ចេកទេសដល់កម្ពុជាក្នុងការអភិវឌ្ឍន៍មានភាពជឿនលឿនបន្តបន្ទាប់មកកម្ពុជាដូចបច្ចុប្បន្ន និងនាពេលថ្ងៃអនាគតផងដែ។

មានមតិឆ្លើយតបវិញ លោក ANDREA BERG អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា មកក្នុងថ្ងៃនេះការចូលរួមកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងមានជួយគាំទ្រសហភាពអឺរ៉ុបមកកម្ពុជាក្នុងការចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក៕
ដោយ សំ សាម៉ន





