បើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការនគរបាលខេត្តកំពង់ធំសម្រាប់ការិយបរិច្ឆេទ២០២៤និងបណ្ដាលឆ្នាំពាក់ព័ន្ធ
AKPកំពង់ធំថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥--ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាមហាផ្ទៃអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការនគរបាលខេត្តកំពង់ធំសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤និងបណ្តាឆ្នាំពាក់ព័ន្ធកាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥នៅសារប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងដោយមានការចូលរួមពីឧត្តមសេនីយ៍ទោហេង សុផលស្នងការនគរបាលខេត្តកំពង់ធំលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង-ស្រុកទាំង០៩និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ឃុំ-សង្កាត់សរុបប្រមាណជាង៣០០នាក់។

ឧត្តមសេនីយ៍ទោ ហេង សុផលបានរាយការណ៍អំពីរចនាសម្ព័ន្ធរបស់កងកម្លាំងនគរបាលខេត្តកំពង់ធំ ការគ្រប់គ្រងដឹកនាំបញ្ជា ការកសាងអគារមុខងារ ការដាំដើមឈើលម្អរបរិស្ថាននិងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យសំខាន់ៗ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរជូនសង្គមជាតិ ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្យនានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ឯកងួន ស្រេងដែលបានអញ្ជើញមកបំពេញបេសកកម្មការធ្វើសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្ដល់កិច្ចសហការជាមួយក្រុមការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយនិងឯកសារពាក់ព័ន្ធលើវិស័យ ជំនាញនីមួយៗ សំដៅលើកកម្ពស់ការងារគ្រប់គ្រងកងកម្លាំង គ្រប់គ្រងការងារភស្តុភារនិងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងអចលនទ្រព្យ និងការផ្គត់ផ្គង់របបឧបត្ថម្ភផ្សេងៗ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាពរួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ និងការអភិវឌ្ឍកងកម្លាំងនគរបាលជាតិឱ្យបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧។

ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកសវនកម្មផ្ទៃក្នុងបានកោតសរសើរអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលបានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈថវិកាផ្ទាល់ខ្លួន ចូលរួមចំណែក ការពារជាតិមាតុភូមិក្នុងឱកាសប្រទេសជាតិប្រារព្ធពិធីបុណ្យនិងព្រឹត្តិការណ៍សំខាន់ៗ ធានាបានសុខសុវត្ថិភាពល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តមឧត្តមសេនីយ៍ឯកងួន ស្រេងបានបញ្ជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើវឌ្ឍនភាពការងារ កែលម្អ ចំណុចខ្វះខាតមួយចំនួន ដែលកើតមានឡើង ក្នុងឆ្នាំនីមួយៗ ពិនិត្យទៅលើការងារ គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ចលនទ្រព្យនិងអចលនទ្រព្យ)ពិនិត្យលើការគ្រប់គ្រងកងកម្លាំង បញ្ជីវត្តមានកងកម្លាំងបំពេញភារកិច្ចជាប្រចាំថ្ងៃ ព្រមទាំងត្រួតពិនិត្យលើកញ្ចប់ថវិកា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រួតពិនិត្យលើប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិលើកទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីពិនិត្យលើ តួនាទី ភារកិច្ច ដែលមន្ត្រីនគរបាលជាតិ សម្រេចបាន អនុវត្តយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះនិងមធ្យោបាយ បេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមជាតិ។ឯកឧត្តមបានសង្ឃឹមជឿជាក់ថាការចុះធ្វើសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាឱកាសនេះពិតជាទទួលបានជោគជ័យ តាមការរំពឹងទុក សម្រេចបានស្របតាមគោលនយោបាយសុីជំរៅរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ស៊ុម វណ្ណា ,ប្រភពស្នងការនគរបាលខេត្តកំពង់ធំ





