អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័ល
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំស្តង់ពិព័រណ៍របស់អនុគណៈកម្មការតុបតែងវេទិកា ស្តង់ពិព័រណ៍ និងទស្សនីយភាព សម្រាប់ចូលរួមអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង ឯកឧត្តមមានប្រសាសន៍បែបនេះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងអភិបាលក្រុង-ស្រុក ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា គណៈកម្មការរៀបចំទីតាំងត្រៀមប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំងរួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក រៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណារៀបចំកម្មវិធីប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តកំពង់ឆ្នាំងឆ្នាំនេះ ឱ្យបានល្អដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសប្រជាពលរដ្ឋដែលធ្វើការងារចំណាកស្រុក ត្រូវបានមកលេងបុណ្យច្រត់ព្រះនង្គ័ល សប្បាយរីករាយអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាខែឧសភាឆ្នាំ២០២៥ ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសអភិរក្សថែរក្សា ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទឲ្យល្អប្រសើរឡើងវិញ។ គម្រោងតាំងពិព័រណ៍ផ្ដោតសំខាន់ទៅលើស្តង់កសិកម្មជាចម្បងនិងដាស់ ឱ្យប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគាត់ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។

ក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តបានជម្រុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងកន្លែងនីមួយឱ្យបានល្អប្រសើរនិង ផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានរលូននិងសុវត្ថិភាពផងដែរ៕


ដោយ៖ បៃ ស៊ីថុន





