រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី១
AKP កណ្ដាល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូផងដែរ។

ថ្លែងបើកកិច្ចប្រជុំ លោក ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី១ ហើយក៏ជាការជួបជុំគ្នាដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ការអនុវត្តល្អៗ លើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាលកាន់តែមានភាពរលូន និងជោគជ័យបន្ថែមទៀត។ ការងារគណនេយ្យភាពសង្គមនេះគឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការងារគណនេយ្យភាពសង្គម ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ហើយត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ អំពីផែនការ និងសកម្មភាពការងាររបស់ខ្លួន។ ជាពិសេត្រូវបង្កើនការប្រមូល ការបញ្ចូនទិន្នន័យ ការផលិត Post-on (លទ្ធផលការងារ) និងការបិទផ្សាយកញ្ចប់ព័ត៌មាន (I4C) សម្រាប់ប្រជាពលរដ្ឋ នៅតាមកន្លែងផ្ដល់សេវា រួមមាន៖ មណ្ឌលសុខភាព សាលាក្រុង-ស្រុកឃុំ-សង្កាត់ និងសាលាបឋមសិក្សា និងត្រូវបន្តខិតខំបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យ I-SAF ឱ្យបានទាន់ពេលវេលា។

សូមជម្រាបផងដែរថា ក្នុងត្រីមាសទី១នេះ ខេត្តកណ្តាលមានចំនួនអង្គភាពផ្តល់សេវា ដែលបានអនុវត្តការងារគណនេយ្យភាពសង្គម ចំនួន ៦១៥អង្គភាព ក្នុងនោះ ស្រុកកណ្តាលស្ទឹងមាន៥៨អង្គភាព ស្រុកកៀនស្វាយមាន៥១អង្គភាព ស្រុកខ្សាច់កណ្តាល៥៣អង្គភាព ស្រុកកោះធំ៣១អង្គភាព ស្រុកលើកដែក៣៥អង្គភាព ស្រុកល្វាឯម ៤២អង្គភាព ស្រុកមុខកំពូល ៣៩អង្គភាព ស្រុកអង្គស្នួល ៤៨អង្គភាព ស្រុកពញាឮ ៦៤អង្គភាព ស្រុកស្អាង ៧៤អង្គភាព ក្រុងតាខ្មៅ ៤០អង្គភាព ក្រុងអរិយក្សត្រ ៤៨អង្គភាព និងក្រុងសំពៅពូន ៣២អង្គភាព៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





