វគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតមាតិកាព័ត៌មានយេនឌ័រ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម»
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតមាតិកាព័ត៌មានយេនឌ័រ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម» ក្នុងគោលបំណងពង្រឹងសមត្ថភាពយន្តការថ្នាក់ជាតិ និងក្រោមជាតិក្នុងការសម្របសម្រួលប្រាស្រ័យទាក់ទង និងគ្រប់គ្រងព័ត៌មាន ផ្សព្វផ្សាយតាមប្រព័ន្ធ បច្ចេកវិទ្យាឌីជីថល និងស្របតាមបរិបទសង្គម ដឹកនាំដោយលោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅទីរួមខេត្តកំពត។

វគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្រុមការងារសម្របសម្រួលបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរកិច្ចការនារីដែលទទួលបន្ទុកការងារព័ត៌មាន និងឌីជីថល ចំនួន៩ខេត្ត សរុប ៤០នាក់ ស្រ្តី ២៥នាក់។ ប្រធានបទគន្លឹះៗក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ ១. មាតិកាព័ត៌មានយេនឌ័រ ២. គន្លឹះក្នុងការថតរូប និងថតវីដេអូ ៣. ការផលិតមាតិកាព័ត៌មានយេនឌ័រតាមកម្មវិធី Canva និង Capcut ៤. ការគ្រប់គ្រងបណ្តាញសង្គម និង Cross Post រវាងក្រសួង និងមន្ទីរកិច្ចការនារី និង៥.ការរៀបចំផែនការសកម្មភាពរួមរវាងក្រសួង និងមន្ទីរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានទាំងចំណេះដឹង និងចំណេះធ្វើ សម្រាប់ការបង្កើតមាតិកាព័ត៌មានយេនឌ័រ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដើម្បីគាំទ្រការអនុវត្តការងាររបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





