អាជ្ញាធរមីនប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន
AKP កោះកុង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម Vanlalvaw na Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចជាបានអរគុណជូនចំពោះរដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីន បានប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្រ្តខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការអបអរសាទរជាមួយប្រជាជនខេត្តកោះកុងទាំងមូលចំពោះសមិទ្ធផលការប្រកាសស្រុកបុទុមសាគរ ជាស្រុកអស់មីន ព្រមទាំងបានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននេះ គឹជាការផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងជូនប្រជាពលរដ្ឋស្រុកបុទុមសាគរ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋចៀសផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងទទួលបាននូវជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។

តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសឥណ្ឌា ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះតាមរយៈជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានសម្រចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួន ហើយប្រជាជនប្រមាណជា ១០ម៉ឺននាក់ បានទទួលនូវផលប្រយោជន៍ពីគម្រោងនេះ។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ក្នុងឆ្នាំ២០២៥នេះ តាមរយៈគម្រោងជំនួយរបស់ឥណ្ឌា បន្ទាប់ពីប្រកាសស្រុកបុទុមសាគរអស់មីន ស្រុកចំនួន០៣ទៀតរួមមាន ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ត្រៀមនឹងប្រកាសជាស្រុកអស់មីនផងដែរ ហើយខេត្តកោះកុងទាំងមូលនឹងកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនានិងកម្សាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង កាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តម Vanlalvawna Bawitlung បានចាត់ទុកការប្រកាសស្រុកបុទុមសាគរអស់មីន មិនត្រឹមតែសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីឆ្ពោះទៅកាន់អនាគតមួយដែលអស់មីន និងមានសុវត្ថិភាព ព្រមទាំងបានបញ្ជាក់ទៀតថា សមិទ្ធផលនេះគឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តមនុស្សធម៌រួមគ្នា ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលមិនត្រឹមតែលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ តែវាគឺជាការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការធ្វើឱ្យមានការអភិវឌ្ឍ និងការធានានូវអនាគតដ៏ល្អប្រសើរសម្រាប់សហគមន៍៕
ដោយ សួស សំរិត





