កិច្ចប្រជុំស្តីពីការគ្រប់គ្រង និងការរក្សាទុកនូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់
AKP កណ្ដាល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅខេត្តកណ្តាល ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំ នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីខេត្តកណ្តាលដើដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ ជាពិសេសការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបចំនួន ១៩០ ករណី ឃាត់ខ្លួន ៣៦១ នាក់ ស្រី ២៤ នាក់ ក្នុងនោះជនជាតិខ្មែរ ៣៤៩ នាក់ ស្រី ១៦ នាក់ និង ជនជាតិវៀតណាម ៩ នាក់ ស្រី ១ នាក់ ជនជាតិម៉ាឡេស៊ី ១ នាក់ ប្រុស និងជនជាតិឥណ្ឌូនេស៊ី ២ នាក់ ប្រុស)។ ជាមួយគ្នានោះក៏មានវិធានការអប់រំផ្សព្វផ្សាយ និងវិធានការរដ្ឋបាលយ៉ាងច្រើនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





