អ្នកជ្រមុជទឹកអង្គការអភិរក្សសមុទ្រកម្ពុជា MCC បានបញ្ចប់វគ្គជ្រមុជទឹកដំបូង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- អង្គការអភិរក្សសមុទ្រកម្ពុជា MCC មានសេចក្តីសោមនស្សរីករាយដែល សាវិន និងរក្សា ក្រុមការងារទាំងពីររបស់យើងបានបញ្ចប់វគ្គជ្រមុជទឹកដំបូង Open Water Diver។ នេះបើតាមការបញ្ជាកពីអង្គការ MCC នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

នៅអង្គការអភិរក្សសមុទ្រកម្ពុជា MCC វាមានសារៈសំខាន់សម្រាប់សមាជិករបស់យើងក្នុងការទទួលបានវិញ្ញាបនបត្រជ្រមុជទឹក ដើម្បីរួមចំណែកក្នុងការចូលករួមសកម្មភាពការងារសិក្សាស្រាវជ្រាវបាតសមុទ្រក៏ដូចជាត្រួតពិនិត្យប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងអនុវត្តការងារអភិរក្ស។ ការជ្រមុជទឹកអនុញ្ញាតឱ្យយើងបានរុករក ស្វែងយល់កាន់តែច្បាស់ និងការពារជម្រកសមុទ្រដែលយើងបានកំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។

នេះគ្រាន់តែជាការចាប់ផ្តើមរបស់ពួកគេទេ ឆាប់ៗនេះ សាវិន និង រក្សា នឹងត្រូវបន្តការបណ្តុះបណ្តាលបន្ទាប់រហូតដល់វគ្គតានតឹង និងសង្គោះ (Stress Diver & Rescue Diver)។ ការហ្វឹកហាត់បន្ថែមនេះដើម្បីធានាបានថា ពួកគេមានសុវត្ថិភាព និងអាចចូលរួមបេសកកម្មនៅក្នុងក្រោមបាតទឹកបាន៕
ដោយ ណយ នឿន (ប្រភព៖ MCC)





