ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី៖ ប្រទេសកម្ពុជាស្ថិតនៅលេខ១០ ក្នុងចំណោមប្រទេសចំនួន១៩៥ ដែលបានបង្ក្រាបមេរោគជាង៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍
AKP សៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយការអនុវត្តនីតិវិធី ផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល (មសស) សម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ថា អស់រយៈពេលជាងបីទស្សវត្សរ៍មកហើយដែលប្រទេសកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ នៅកម្រិតជាតិ ថ្នាក់តំបន់ និងពិភពលោក។ កម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តមបន្តថា ការឆ្លងថ្មីនៃមេរោគអេដស៍បានថយចុះគួរឱ្យកត់សម្គាល់ពី១៥,០០០ករណីក្នុងឆ្នាំ ១៩៩៦និង១៩៩៧ មកត្រឹមតែ ១,២០០នាក់ ក្នុងឆ្នាំ២០២៣។ លទ្ធផលនៃការធ្វើតេស្ត និងការព្យាបាលថ្នាក់ជាតិបានឈានដល់កម្រិត៨៩-៩៨-៩៨ក្នុងឆ្នាំ២០២៣ដែលតួលេខនេះត្រូវបានអង្គការ (UNAIDS) ដាក់ប្រទេសកម្ពុជានៅលេខរៀងទី១០ ក្នុងចំណោមប្រទេសចំនួន១៩៥ ដែលបានបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ នៅពេលដែលពេលវេលាកាន់តែវិវត្តទៅមុខ បញ្ហាប្រឈមថ្មីៗ បានកើតឡើងជាបន្តបន្ទាប់។ ការឆ្លងថ្មីនៃមេរោគអេដស៍ត្រូវបានព្យាករណ៍ថា កើនឡើងក្នុងចំណោមមនុស្ស វ័យក្មេង ក្នុងរយៈកាល៦ឆ្នាំទៅមុខនេះ គេបានប៉ាន់ប្រមាណថា នឹងមានមនុស្ស ៧,២០០នាក់ ឆ្លងមេរោគអេដស៍ថ្មី ដែលពាក់កណ្តាលនៃពួកគេ គឺជាបុគ្គលវ័យក្មេង ដែលមានអាយុពី ១៥-២៤ ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាល ដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី ៥០ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំធេងលើប្រទេសជាតិ។

ជាមួយគ្នានេះ ការកាត់បន្ថយមូលនិធិសកល (GFATM) មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (GFATM) បានប្រកាសពីការកាត់បន្ថយជំនួយពី ៣០% ទៅ ៥០% នៅក្នុងជំនួយឥតសំណង ២០២៧-២០២៩ មកដល់ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងរយៈពេល ២០២៤-២០២៦។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញគោលនយោបាយជាតិ ស្តីពីការបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាព នៃកម្មវិធីមេរោគអេដស៍ ឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះ រំពឹងថានឹងកម្រិតការឆ្លងមេរោគអេដស៍ថ្មី ឱ្យតិចជាងមួយនាក់ក្នុងមួយថ្ងៃ ឬរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ។

ស្របតាមចក្ខុវិស័យនៃគោលនយោបាយនេះ ក្រុមការងារបច្ចេកទេសចម្រុះដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល បានសម្រេចចិត្តបង្កើនសូចនាកររួមគ្នាលើការធានាគាំពារសង្គម សម្រាប់អ្នកផ្ទុកមេរោគអេដស៍ឱ្យកើនពី ៥២% នៅឆ្នាំ២០២៣ ដល់ ៩៥% នៅឆ្នាំ២០២៥ និងលើប្រជាជន គន្លឹះ(KP) ឱ្យបានរហូតដល់ ៥០% នៅឆ្នាំ២០២៨៕
ដោយ ឃុត សៅ





