កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីសាលាខេត្តជាច្រើនរូប។

តាមរយៈរបាយការណ៍វឌ្ឍន៍ភាពការងារដែលរាយការណ៍ដោយមន្ទីរ អង្គភាពជុំវិញខេត្ត បានបង្ហាញពីវឌ្ឍនភាពជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងខែមេសា ជាពិសេស ភាពជោគជ័យនូវក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់សេវាសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវផែនការសកម្មភាព ឆ្ពោះទៅមុខយ៉ាងច្រើនទាំងការងារគ្រប់គ្រងមន្ត្រី និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀតក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ឯកឧត្តម ហន ភក្តី បានលើកឡើងថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២. បង្កើតការងារឱ្យបានកាន់តែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅ ៤. កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង៥. ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់៕
ដោយ លឹម សាន្ត





