អគាររដ្ឋបាលក្រុងសិរីសោភ័ណជានិមិត្តរូបថ្មីនៃភាពរីកចម្រើន និងការបម្រើប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- អគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងបរិវេណសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍ដ៏ឱឡារិកនេះបានបង្ហាញពីភាពរីកចម្រើនថ្មីមួយនៃការអភិវឌ្ឍ និងការបម្រើប្រជាពលរដ្ឋនៅក្នុងក្រុងដ៏សំខាន់មួយនេះនៃខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះសមិទ្ធផលថ្មីដ៏ប្រពៃនេះ និងបានសង្កត់ធ្ងន់ថា អគាររដ្ឋបាលថ្មីនេះមិនត្រឹមតែជាទីកន្លែងធ្វើការដ៏ទំនើបសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីនេះ គឺជាការឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងចំនួនប្រជាពលរដ្ឋក្នុងក្រុងដែលកំពុងកើនឡើងជាលំដាប់។ អគារនេះនឹងក្លាយជាបេះដូងនៃការសម្របសម្រួលការងាររដ្ឋបាល ប្រកបដោយភាពរលូន តម្លាភាព និងគណនេយ្យភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការកសាងអគារដ៏មានសារៈសំខាន់នេះឱ្យបានសម្រេចតាមផែនការ។
ទន្ទឹមនឹងនេះ លោកស្រេង សុផល បានបង្ហាញនូវមោទនភាពចំពោះអគាររដ្ឋបាលថ្មីនេះ ដែលលោកចាត់ទុកថាជា «ផ្ទះថ្មី» សម្រាប់មន្ត្រីរាជការក្រុង និងជា «ច្រកទ្វារតែមួយ» ដ៏សំខាន់ក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងភាពរហ័សទាន់ចិត្តជូនប្រជាពលរដ្ឋ និងបានថ្លែងថា អគាររដ្ឋបាលថ្មីនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងល្អិតល្អន់ទៅលើបរិយាកាសធ្វើការប្រកបដោយផាសុកភាព និងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប ដែលនឹងជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីយើងឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត យើងក៏បានរៀបចំកន្លែង រងចាំសម្រាប់ប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីធានាថាពួកគាត់ទទួលបានសេវាដោយភាពងាយស្រួល និងឆាប់រហ័ស។

អគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីនេះត្រូវបានសាងសង់ឡើងស្របតាមស្ថាបត្យកម្មខ្មែរដ៏ល្អផូរផង់ លាយឡំជាមួយនឹងការរចនាបែបទំនើប ដែលបង្ហាញពីការគោរពចំពោះប្រពៃណី និងការបោះជំហានទៅមុខនៃភាពជឿនលឿន។ អគារនេះមានបំពាក់នូវបន្ទប់ធ្វើការគ្រប់គ្រាន់ បន្ទប់ប្រជុំធំទូលាយ កន្លែងទទួលភ្ញៀវ និងចំណតរថយន្តដែលងាយស្រួល។
ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្លែក វ៉ារី និងឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋបាលខេត្តចំពោះការអភិវឌ្ឍន៍ក្រុងសិរីសោភ័ណនិងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ ការដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងក្រុង ក៏ដូចជាការលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលមូលដ្ឋាន។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រជាពលរដ្ឋរស់នៅដោយសុខុម ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ៕
ដោយ ឈុន សារ៉ាត





