រដ្ឋាភិបាលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ជូនចំពោះឯកឧត្ដម ជា សុផារ៉ា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។ ឯកឧត្ដម ជា សុផារ៉ា ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើម ១០៧ រូប ជាជនបរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សូមជម្រាបជូនថា គ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ត្រូវបានផ្ដល់ជូនដល់បុគ្គលឆ្នើមដែលមានស្នាដៃក្នុងកិច្ចការសាធារណៈ ឬជាតិ ដែលជាសមិទ្ធផលលេចធ្លោរបស់បុគ្គលទាំងនេះក្នុងសង្គម។ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕
ដោយ៖ រិទ្ធី





