ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោកបណ្ឌិត មេហ្គាត ហ៊្សូហាយរី ប៊ីន មេហ្គាត ថាជូឌីន (Ir Dr Megat Zuhairy bin Megat Tajuddin) នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី (Chief Executive of National Cybersecurity Agency, Malaysia - NACSA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកបណ្ឌិតនាយកប្រតិបត្តិអំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសន្តិសុខសាយប័រ កិច្ចការការពារទិន្នន័យឯកជន និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ជាពិសេសជំនាញសន្តិសុខសាយប័រ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកបណ្ឌិតនាយកប្រតិបត្តិ ក៏បានចែករំលែកឧត្តមានុវត្តន៍លើការងារសន្តិសុខសាយប័រ មុខងារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងបានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានលើការងារសន្តិសុខសាយប័រ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





