សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះគឺជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាក់អ្នកវិនិយោគឱ្យមកកាន់តំបន់នេះ
AKP តាកែវ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកកាន់តំបន់នេះ ហើយថាផ្លូវទាំង៣ខ្សែនេះក៏ជាផ្លូវមេដ៏សំខាន់សម្រាប់ការតភ្ជាប់ទៅកាន់ភូមិសាស្ត្រផ្សេងៗទៀតនៃប្រទេសកម្ពុជា បម្រើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងការដឹកជញ្ជូនផងដើម្បីកំណើនសេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតឈប់ឈរនៅក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូនប្រទាក់ក្រឡានៅទូទាំងប្រទេស។ ការគូសបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិចំនួន៣ខ្សែ រួមមាន ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុបជាង២០០គីឡូម៉ែត្រ ស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសុទិដ្ឋិនិយមថា ផ្លូវទាំង៣ខ្សែខាងលើនេះនឹងចូលរួមធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាយផ្លូវទាំងនេះកាន់តែប្រសើរឡើងបន្ថែម ទៀត ដោយបានចាត់ទុកខេត្តនៅទិសនិរតីថាជាខេត្តដ៏សំខាន់ ដែលវាបានតភ្ជាប់ចន្លោះប៉ូលសេដ្ឋកិច្ចចំនួនពីរ គឺទី១ ប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងខេត្តកណ្តាល និងទី២ ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ។ ដូច្នេះការកសាងមូលដ្ឋានសម្រាប់ទិសនិរតីនេះគឺសំខាន់ណាស់ក្នុងការជំរុញខេត្តដែលមានសក្តានុពល ឱ្យទាញបាននូវលទ្ធភាពជាក់ស្តែងនៅលើដី ដោយសម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការវិនិយោគកន្លងទៅ និងតទៅមុខទៀតនៅក្នុងការពង្រឹងខេត្តព្រះសីហនុ និងបណ្តាខេត្តជាប់មាត់សមុទ្រ ដោយឆ្នាំនេះយើងបានអនុវត្តក្នុងជំហានដំបូងដោយយកខេត្តព្រះសីហនុជាគោលក្នុងការជំរុញការធ្វើឧស្សាហ កម្ម និងភស្តុភារកម្មនៅទីនោះ បង្កើតការងារឱ្យបានច្រើន។ សម្តេចបានលើកឡើងថា មិនថាតែខេត្តព្រះសីហនុនោះទេ ខេត្តកំពតរយៈពេលជាង១ឆ្នាំនេះសម្តេចបានចុះហត្ថលេខាឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិ សេសពីរបីកន្លែងរួចហើយ ដែលនេះគឺជាសញ្ញានៃការរីកចម្រើនរបស់ខេត្តកំពតគឺមិនត្រឹមតែទេសចរណ៍ នោះទេ តែជាឧស្សាហកម្មផងដែរ ដោយយើងកំពុងសិក្សាក្នុងការស្ថាបនាផែទឹកជ្រៅ និងការនិវិយោគ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីបង្កើត Eco-system ដោយការបង្កើតរោងចក្រមួយ ដែលសម្តេចសូមមិនទាន់បញ្ចេញឈ្មោះនោះទេ ព្រោះកំពុងស្ថិតក្នុងការការចរចានៅឡើយ ដើម្បីប្រើប្រាស់ផែទឹកជ្រៅនៅខេត្តកំពត នៅក្នុងការផលិតនូវផលិតផលសំខាន់មួយសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដោយមានក្រុមហ៊ុនដ៏ធំមួយដែលគ្រោងមកវិនិយោគនៅកំពង់ផែទឹកជ្រៅខេត្តកំពតនេះ ខណៈដែលក្រុមហ៊ុនមួយនេះបានបើករោងចក្រនៅកម្ពុជាពីរបីកន្លែង ដែលមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារអាម៉េរិករួចទៅហើយនោះ តែក្រុមហ៊ុនមួយនេះក៏ចង់ពង្រីកឱ្យធំជាងនេះទៀត៕

ដោយ៖ ចាន់ សុភឿន





