សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនជានិច្ច មិនរត់ចោលពេលមានទុក្ខលំបាកឡើយ
AKP តាកែវ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនជានិច្ច មិនរត់ចោលប្រជាជនពេលមានទុក្ខលំបាក មិនថា ពេលមានសង្រ្គាមឬជំងឺរាតត្បាត ដូច កូវីដ១៩ឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ពិតណាស់ យើងមានវិធានការគ្រប់គ្រាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទោះបីជាសង្រ្គាម មិនថា សង្រ្គាមជាមួយកូវីដ មិនថា សង្រ្គាមពាណិជ្ជកម្ម មិនថាឥទ្ធិពលពីសង្រ្គាមនៅតំបន់ផ្សេងៗទៀត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនជានិច្ច ហើយខិតខំរកវិធីសាស្ត្រដើម្បីជួយជីវិត ជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សូមជឿទុកចិត្តចុះ យើងអត់ដែលរត់ចោលទេ ហើយយើងក៏មិនដែលយកលេស ហេតុផលអីក៏ដោយ មានមូលហេតុដែលយើងត្រូវបញ្ជូនសារឱ្យពន្យល់ បងប្អូនខ្លះគាត់ឆ្ងល់ថា ហេតុអ្វី រដ្ឋាភិបាលចន្លោះនេះ ចន្លោះនោះ ក្រសួងស្ថាប័នត្រូវចេញទី១ ពន្យល់ឱ្យមហាជនបានយល់ បងប្អូនខ្លះថា អាហ្នឹងជាការដោះសារ អត់ទេ»។

សូមជម្រាបជូនថា ផ្លូវជាតិទាំង៣ខ្សែខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការអនុវត្តគម្រោងជាក់ស្តែងគឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





