ឯកឧត្ដម មាន ចាន់យ៉ាដា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានថ្ម នៅស្រុកអន្លង់វែង
AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥--ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានថ្មប្រវែង១៥ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងមានការចូលរួមបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសាងសង់សមិទ្ធផលនានា ក្នុងវត្ដជ័យរុក្ខារាម ហៅវត្តថ្លាត។

ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមនៅទីនេះ។ បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបាននូវសមិទ្ធផលថ្មី គឺស្ពានថ្មដែលយើងកំពុងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ថ្ងៃក្រោយលែងលំបាកក្នុងការធ្វើចរាចរណ៍ទៀតហើយ។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានបន្តថា ស្ពាននេះមិនត្រឹមសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់យើងនោះទេ ប៉ុន្តែវាជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មរបស់បងប្អូនមានភាពងាយស្រួលផងដែរ។ ហេតុនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ ដើម្បីឱ្យស្ពាននេះប្រើប្រាស់បានយូរអង្វែង ពោលគឺកុំដឹកជញ្ជូនលើសទម្ងន់កំណត់៕



ដោយ ទិត ស្រ៊





