សកម្មភាពមមាញឹករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្នុងការថែទាំ និងជួសជុលផ្លូវថ្នល់
AKPបន្ទាយមានជ័យ ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥--ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការអនុវត្តន៍ផែនការថែទាំ និងជួសជុលផ្លូវថ្នល់សំខាន់ៗនៅក្នុងខេត្ត នាថ្ងៃទី២៧.២៨ ខែមេសា ឆ្នាំ២០២៥ នេះ។

សកម្មភាពទាំងនេះ គឺដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញនានា។

យោងតាមរបាយការណ៍ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបង្ហាញថា ក្រុមការងារកំពុងបន្តអនុវត្តន៍ការងារថែទាំប្រចាំថ្ងៃ និងការងារជួសជុលខួបមានដូច ការងារថែទាំប្រចាំមាននៅស្រុកថ្មពួក ក្រុមការងារកំពុងមមាញឹកក្នុងការបន្តការងារជួសជុលផ្លូវជាតិលេខ៥៦ ចាប់ពីគីឡូម៉ែត្រលេខ ២៤+០០០ ដល់គីឡូម៉ែត្រលេខ ៣០+០០០។ ការងារសំខាន់ដែលកំពុងអនុវត្តន៍គឺការជួសជុលចិញ្ចើមផ្លូវ ដើម្បីធានាបាននូវទទឹងផ្លូវត្រឹមត្រូវ និងសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។

នៅក្នុងក្រុងប៉ោយប៉ែត វិញ ក្រុមការងារកំពុងបន្តការងារជួសជុលផ្លូវខេត្តលេខ២៥៨E ចាប់ពីគីឡូម៉ែត្រលេខ ៥+០០០ ដល់គីឡូម៉ែត្រលេខ ៩+៣០០។ សកម្មភាពចម្បងគឺការកៀរកិនបង្ហាប់ស្រទាប់ផ្ទៃផ្លូវ ដើម្បីធ្វើឱ្យផ្លូវរលូនល្អ ងាយស្រួលក្នុងការធ្វើដំណើរ។
មិនតែប៉ុណ្ណោះ ក្រុមការងារក៏កំពុងបន្តការងារជួសជុលផ្លូវខេត្តលេខ២៥៦៣A ចាប់ពីគីឡូម៉ែត្រលេខ ០+០០០ ដល់គីឡូម៉ែត្រលេខ ២+០០០ ក្នុងស្រុកថ្មពួក ដោយអនុវត្តន៍ការកៀរកិនបង្ហាប់ស្រទាប់ផ្ទៃផ្លូវដូចគ្នា។
លើការងារជួសជុលខួបវិញមានចំពោះផ្លូវខេត្តលេខ២៥៦៣B វិញ ដែលស្ថិតនៅក្នុងស្រុកថ្មពួក ក្រុមការងារកំពុងបន្តការងារជួសជុលខួប ចាប់ពីគីឡូម៉ែត្រលេខ ១+៨០០ ដល់គីឡូម៉ែត្រលេខ ៣+៥០០។ ដំណាក់កាលសំខាន់នៃការងារនេះ គឺការស្រោចកៅស៊ូប្រភេទ ឌីប៊ីអេសធី (DBST) ដែលជាបច្ចេកទេសជួសជុលផ្លូវមួយប្រភេទ ជួយពង្រឹងគុណភាព និងអាយុកាលប្រើប្រាស់របស់ផ្លូវ។

ជុំវិញសកម្មភាពដ៏មមាញឹកនេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរក្នុងការជំរុញការងារថែទាំ និងជួសជុលផ្លូវថ្នល់នៅក្នុងខេត្តឱ្យបានឆាប់រហ័ស និងមានគុណភាពខ្ពស់។
លោកបានថ្លែងថា "ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងសកម្ម និងប្តូរផ្តាច់ ដើម្បីធានាថាផ្លូវថ្នល់សំខាន់ៗនៅក្នុងខេត្តមានស្ថានភាពល្អប្រសើរ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានដោយសុវត្ថិភាព និងងាយស្រួល។ ការងារជួសជុល និងថែទាំនេះ មិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តផងដែរ។"
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមានការយោគយល់ និងអធ្យាស្រ័យចំពោះការរអាក់រអួលដែលអាចកើតមានឡើងក្នុងអំឡុងពេលនៃការដ្ឋានកំពុងដំណើរការ។ លោកបានសង្កត់ធ្ងន់ថា មន្ទីរនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបញ្ចប់ការងារទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងមានគុណភាពខ្ពស់បំផុត។
សកម្មភាពជាបន្តបន្ទាប់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្នុងការថែទាំ និងជួសជុលផ្លូវថ្នល់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋបាលខេត្ត ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តមួយនេះ។ ប្រជាពលរដ្ឋក្នុងខេត្ត ក៏បានសម្តែងនូវការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរក្នុងការកែលម្អស្ថានភាពផ្លូវថ្នល់ឱ្យកាន់តែល្អប្រសើរឡើង៕
ដោយ ៖ឈុនសារ៉ាត





