លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំស្តីពី “កិច្ចសហការនិងការងារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥
AKPកំពង់ធំថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥--លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចសហការនិងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ កងកម្លាំងទាំង៣ មន្ត្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក តំណាងគណបក្សនិងតំណាងអង្គការនានានៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ។

ក្នុងឱកាសោះលោក អ៊ុន បុត្ត បានសំណូមពរ ដល់គណបក្សនយោបាយ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យនិងបានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយចូលរួមសហការនិងថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

លោក ជា ពុំ បានមានប្រសាសន៍ថាអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើ បញ្ជីបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ លើក លែងតែឆ្នាំដែលមានរៀបចំការបោះឆ្នោតជាសកល ដែល គ.ជ.ប មានសិទ្ធិសម្រេចកាល បរិច្ឆេទផ្សេងពីនេះបាន។

ជាក់ស្តែង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ នេះ គ.ជ.ប បានកំណត់កាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៥ ហើយការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាពជាមួយក្រុម ចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំដោយចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ឆ្នាំ២០២៨ និងការបោះឆ្នោតជាសកលនៅឆ្នាំជាបន្តបន្ទាប់ទៀត៕

ដោយ៖ ស៊ុម វណ្ណា





