ព្រះទេពសត្ថា សៀង សុខ អំពាវនាវពុទ្ធសាសនិកត្រូវចូលរួមធ្វើវិបស្សនាធុរ:ដើម្បីចម្រើននូវ សីលសមាធិនិងបញ្ញា
AKPកំពង់ធំថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥--ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំនិងជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំមានសង្ឃដីកាអំពាវនាវដល់ពុទ្ធសាសនិកត្រូវចូលរួមធ្វើបស្សនាធុរៈដើម្បីចម្រើននូវសិលសមាធិនិងបញ្ញាក្នុងឱកាសដែលព្រះអង្គនិមន្តជាតំណាងដ៏ខ្ពង់ខ្ពស់ ព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនិងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាបាននិមន្តបិទកម្មវិធីវិបស្សនាធុរ:នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ព្រះទេពសត្ថា សៀង សុខ ព្រះអង្គមានសង្ឃដីកាថាយើងទាំងអស់គ្នាត្រូវតែបដិបត្តិ វិបស្សនាធុរៈឱ្យបានត្រឹមត្រូវគឺនាំឱ្យយើង មានសីល សមាធិ បញ្ញាដែលមិនភ្ញាក់ផ្អើល ហើយញ៉ាំងឱ្យអ្នកធ្វើវិបស្សនាធុរៈទាំងអស់កាន់តែមានភាពជ្រះថ្លាក្នុងព្រះពុទ្ធសាសនានិងបដិបត្តិពុទ្ធសាសនាបានត្រឹមត្រូវហើយទ្រទ្រង់ពុទ្ធសាសនាបានគង់វង្សគ្រប់ ៥០០០ព្រះវស្សា។

ទន្ទឹមនឹងនេះព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ព្រះអង្គគ្រូនិងលោកយាយគ្រូ វិបស្សនាធុរៈគ្រប់អង្គ គ្រប់រូប ដែលបានលះបង់នូវកម្លាំងកាយចិត្តសព្វបែបយ៉ាង ក្នុងការជួយបង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវតី ដែលបានចូលរួមនៅក្នុងវគ្គវិបស្សនាធុរៈអស់រយៈពេលមួយសប្តាហ៍ប្រកបដោយផ្លែផ្កានិងជាទីមោទកភាពក្រៃលែង។

ព្រះអង្គបាននិមន្ត និងអញ្ជើញព្រះអង្គគ្រូ លោកយាយគ្រូវិបស្សនាធុរៈគ្រប់អង្គ គ្រប់រូបឱ្យនិមន្តនិងអញ្ជើញចូលរួម បង្ហាត់បង្រៀននៅក្នុងវគ្គវិបស្សនាធុរៈលើកក្រោយៗទៀតហើយបាននិមន្តអញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោងទាំងមូលសូមចូលរួមក្នុងវគ្គបង្រៀនវិបស្សនាធុរៈនៅវគ្គក្រោយៗទៀតឱ្យបានគ្រប់ៗគ្នាប្រកបដោយបុណ្យនិងសទ្ធាជ្រះថ្លា។

ព្រះសត្ថាបារមីព្រះមេគណខេត្តនិងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ ព្រះអង្គបានកោតសរសើរដល់រដ្ឋបាលស្រុកស្ទោង និងសាលាអនុគណស្រុកស្ទោង ជាពិសេសព្រះបរិត្តកោសលណិប អ៊ាន ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈដែលបានបង្កលក្ខណៈនិង បង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវត្តីនៅក្នុងវគ្គនេះដោយរលូនប្រកបដោយជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គវនេះសរុបចំនួន១៤៥រូប គ្រូធម្មាចារ្យ២អង្គ គ្រូធម្មាចារ្យរិនី២រូប សីលវនសីលវត្តីដែលបានចូលរួមនៅក្នុងវគ្គនេះទទួលបានវិញ្ញាបនប័ត្រហើយបាននិមន្តគោចរបិណ្ឌបាត្រព្រះសង្ឃនិងព្រះធម្មាចារ្យសីលវនសីលវត្តីជាង៣០០អង្គ/នាក់៕

ដោយ៖ ស៊ុម វណ្ណា





