លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបើកកិច្ចពិភាក្សាលើទិសដៅការងារសំខាន់ៗ និងសម្របសម្រួលនីតិវិធីទទួលពាក្យស្នើសុំពីវិស័យឯកជន
AKP ភ្នំពេញ ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ --ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារ ជាលើកដំបូង ដើម្បីពិភាក្សាលើទិសដៅការងារសំខាន់ៗ សម្រាប់ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា និង នីតិវិធីអនុវត្តការងារ សម្រាប់ទទួលពាក្យស្នើសុំ ពីវិស័យឯកជន ដែលគ្រោងប្រកាសជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” ត្រូវបានដាក់ឲ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥ ។កម្មវិធីនេះមានទិសដៅ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ ផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ជួយកាត់បន្ថយថ្លៃដើមផលិតកម្ម សាមញ្ញកម្មនីតិវិធី និង ផ្តល់ការសម្របសម្រួលពិសេសចំពោះ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចណា ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប, និង គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០២៥ ដល់ ២០២៨ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគិរី។

តាមរយៈកិច្ចប្រជុំខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមការងារត្រៀមលក្ខណៈក្នុងការផ្តល់ការប្រឹក្សា និង ការសម្របសម្រួល ជូនវិនិយោគិន និង ធុរជន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង ដោយឥតគិតថ្លៃ នៅតាមការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៃភូមិភាគឦសានផ្ទាល់ និង នៅការិយាល័យក្នុងរាជធានីភ្នំពេញ (ដែលមានទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕




ដោយ៖ទូច វក័្ខណ





