ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នៅខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិទាំង៣ខ្សែនាពេលនេះបានបង្ហាញឱ្យ ឃើញអំពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់ជាតិ ដែលបានកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ដែលតាមរយៈទំនាក់ទំនងមិត្តភាពដ៏រឹងមាំនេះបាននាំមកនូវ ការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនជាបន្តបន្ទាប់សម្រាប់កម្ពុជា ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២កន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមានទទឹងប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែល មានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៥ ៧០៤ម៉ែត្រ។
ចំពោះផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះ បានរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្តោយផ្លូវសរុប ប្រវែង ៩ ២៥៨ម៉ែត្រ។
ចំណែកឯផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨ ២៤១ម៉ែត្រ។
គម្រោងស្ថាបនាផ្លូវជាតិទាំង ៣ខ្សែនេះ ក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្តែងគឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បាន ចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
ដោយ៖ គង់ សិរីរ័ត្ន





