អង្គការ WWF បើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៦-២០៣០
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- អង្គការ WWF -កម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បាន និងកំពុងចាប់ផ្តើម ដោយមានការចូលរួមបុគ្គលិករបស់អង្គការ WWF-កម្ពុជា និងនៅថ្នាក់តំបន់ ព្រមទាំងអន្តរជាតិជាង៤០នាក់ បានជួបប្រជុំគ្នានៅថ្ងៃនេះសម្រាប់សិក្ខាសាលាដែលមានរយៈពេលបីថ្ងៃ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់អង្គការ WWF-កម្ពុជា រយៈពេល៥ឆ្នាំថ្មី។

ជាមួយគ្នានេះ អង្គការ WWF កំពុងពិភាក្សា និងពិនិត្យទៅនឹងផែនទីបង្ហាញផ្លូវសម្រាប់ការងារអភិរក្សដែលនឹងផ្តល់ជាធាតុចូលសំខាន់ៗសម្រាប់ផែនការអាទិភាពរបស់ប្រទេសកម្ពុជា ដោយផ្អែកលើផែនទីបង្ហាញផ្លូវឆ្នាំ២០៣០របស់អង្គការ WWF គោលដៅអភិវឌ្ឍន៍ជាតិ និងក្របខ័ណ្ឌអភិរក្សពិភពលោកផងដែរ។ សម្រាប់កម្មវិធីនៅតំបន់ទេសភាពទាំង២ និងកម្មវិធីនៃតំបន់ទេសភាពថ្មីរបស់យើង (footprint program) បានចាប់ផ្តើមនូវរបៀបវារៈថ្ងៃនេះ ដោយបានបង្ហាញការរៀបចំកម្មវិធីសំខាន់ៗសម្រាប់ឆ្នាំ ២០២៦-២០៣០ ដោយមានការចែករំលែកនូវលទ្ធផល បទពិសោធន៍ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមរបកគំហើញថ្មីៗសម្រាប់ជាធាតុចូលចំពោះការកែលម្អគោលដៅ និងយុទ្ធសាស្ត្ររបស់កម្មវីធីនាពេលកន្លងមក ព្រមទាំងសម្រាប់ទិសដៅឆ្នាំថ្មី។ ការធ្វើបទបង្ហាញនាពេលនេះក៏បានគូសបញ្ជាក់ពីស្តង់ដារនៃសូចនាករ និងតួនាទីនៃសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមដែលនឹងត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីនីមួយៗ។ តាមរយៈការចែករំលែកមតិយោបល់ពីអ្នកចូលរួម យើងកំពុងព្យាយាមបង្កើតនូវផែនការ ជាមួយនឹងជំនាញផ្អែកលើវិទ្យាសាស្ត្រ បទពិសោធន៍ និងផ្អែកលើបេសកកម្មស្នូលរបស់អង្គការរបស់យើងទៅក្នុងការអនុវត្តផែនការនាពេលអនាគត។

សិក្ខាសាលានៅថ្ងៃបន្តបន្ទាប់ដែលអង្គការ WWF របស់យើងនឹងបង្ហាញពីការចូលរួម និងធ្វើផែនការ ដើម្បីផ្តល់ជាធាតុចូលទៅដល់លទ្ធផលរំពឹងទុកនៃការងារអភិរក្សតាមរយៈការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព៕

ដោយ ណយ នឿន (ប្រភព៖ WWF)





