ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង (Walk Street) ខណៈដែលផ្លូវនេះធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានការរួមដំណើរពីមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដូនពេញ នៅរាត្រីថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដើរលេងកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ខណៈផ្លូវនេះកំពុងពេញនិយម និងបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជា «ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ថា នៅរាត្រីថ្ងៃអាទិត្យនេះដែរ ក៏មានការរៀបចំឱ្យមានល្ខោនបាសាក់សម្តែងឱ្យបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិបានទស្សនាកម្សាន្តផងដែរ។


លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា សម្រាប់សប្តាហ៍មុននេះដែរ ក្រៅបណ្ណាល័យចល័តដែលមានស្រាប់ហើយ ក្នុងសប្តាហ៍មុន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានបណ្ណាល័យចល័តមួយកន្លែងដែរ នៅខាងជើងបរមរាជរាំង។ បើគិតមកដល់ពេលនេះ បណ្ណាល័យចល័តនៅលើផ្លូវថ្មើរជើង (Walk Street) មានចំនួន៣កន្លែងហើយ។ តាមការចង្អុលបង្ហាញពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី រាំវង់ សៀករហ័សកម្ម ចាប៉ីសហគមន៍ បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូរ និងកើនឡើងផងដែរ។


ដោយសារតែផ្លូវថ្មើរជើង (Walk Street) ហើយបានធ្វើឱ្យរាជធានីភ្នំពេញរបស់យើងជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ដែលបានផ្សាយដោយ VISA2FLY ដកស្រង់ពីSEA Infographics ។ ចំណាត់ថ្នាក់នេះត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន៖ លេខ១បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ទីក្រុងអ៊ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លេខ៩ទីក្រុងអ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញ លេខ១០ទីក្រុងម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៊ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ សួស សំរិត





