សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែមិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរជមា្របជូនសម្តេចតេជោ ហ៊ុន សែនថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកលជាផលប្រយោជន៍របស់ជាតិ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម សុក ហាច ឧត្តម សេង ម៉ារឌី និងឧត្តម គង់ មុនីកា សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅវិមាន ព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ បន្ទាប់ជំនួបលើកមុននាពេលក្រោយសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥។ សម្តេចតេជោបានលើកឡើងថា ជំនួបពេលនេះ គឺមុនពេលសម្តេចតេជោអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម។

នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសម្តែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោថាសមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកលជាផលប្រយោជន៍របស់ជាតិយើង។ ក្នុងករណី ស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ខាងឯកឧត្តម មិនធ្វើឱ្យរាជរដ្ឋាភិបាលពិបាកទេ។ ឯកឧត្តមបានលើកឡើងទៀតថា ប្រទេសកម្ពុជាយើងរស់នឹងកសិកម្ម ដូចនេះ ត្រូវអភិវឌ្ឍន៍សក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះដែរយើងគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ ឯកឧត្តម បានបន្តថា សម្តេចតេជោ និង ខាងឯកឧត្តម យល់គ្នានៅលើផ្លូវតែ១ និងបន្តដំណើរទៅមុខទៀត។
ឯកឧត្តម សេង ម៉ារឌី បានរម្លឹកថានៅក្នុងជំនួបឆ្នាំមុនជាមួយសម្តេច ឯកឧត្តម បានស្តាប់សំដី អនុសាសន៍ការវិភាគរបស់សម្តេច ពីបញ្ហាក្នុងស្រុក និងសកល។ ឯកឧត្តម មានការកោតស្ញប់ស្ងែង និងកោតសរសើរសម្តេច ហើយបទពិសោធន៍របស់សម្តេចក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ សម្តេចតែងតែរកផ្លូវចេញបានរហូតមិនដែលមានការទល់ច្រក និង បរាជ័យទេ។ ឯកឧត្តម បានឱ្យដឹងទៀតតថា ស្ថានការណ៍បច្ចុប្បន្នជុំវិញបញ្ហាសេដ្ឋកិច្ច គឺដូចជា ការជូនពរ ពីលើមេឃ (Blessing in the sky) ដែលមើលរូបភាព មិនសូវល្អទេ ក៏ប៉ុន្តែ អាចជាកាលានុវត្តន៍ភាព។ ឯកឧត្តមក៏ជូនជាទស្សនៈយល់ឃើញថា ប្រទេសកម្ពុជាយើងគួរឈានដល់ចំណុចមួយដែលត្រូវផ្លាស់ប្តូរ នោះការចេញពីវិស័យកាត់ដេរ... និង គួរវិនិយោគលើវិស័យមួយដែលគេមិនទាន់ធ្វើ គឺឧស្សាហកម្ម អមមនុស្សចាស់ ឬសេវាថែទាំ និងមនុស្សចាស់ជរា ដោយផ្ទាល់ ឬ ពីចង្ងាយ អាចតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម គង់ ម៉ូនីកា បានបន្ថែមថា សម្តេចតេជោបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ និងបានផ្សព្វផ្សាយ និង ទាក់ទាញវិនិយោគមកកម្ពុជា។ ឯកឧត្តម យល់ឃើញថាគួរជំរុញបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ចផ្នែក កសិ-ទេសចរណ៍ ដូចជា ទេសចរបរទេស មកលេងចំការ និង បេះផ្លែឈើដូចនៅប្រទេសមួយចំនួន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ក៏មិនអាចមានទស្សនដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វីដែលដូចគ្នា និង ខុសគ្នា។ ដូចគ្នា គឺ ផលប្រយោជន៍ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា។ សម្តេចតេជោបានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានបញ្ជូនពលករទៅជប៉ុន និង កូរ៉េ ដែលធ្វើការងារជួយមើលមនុស្សចាស់។ ប្រទេសទាំងនេះ កំពុងបើកសាលាបណ្តុះបណ្តាលពលករ រួចបញ្ជូនទៅធ្វើការនៅស្រុកគេ។ ជាមួយគ្នានេះដែរ យើងត្រូវរៀបចំជាប្រព័ន្ធឱ្យបានច្បាស់លាស់ កុំឱ្យមានការកេងប្រវ័ញ្ច។ ទន្ទឹមនឹគ្នានេះដែរ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ដូចនេះ យើងកំពុងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញទៅតាមតម្រូវការ។ រាជរដ្ឋាភិបាល មានបទពិសោធ ដោយបានធ្វើអន្តរាគមន៍ ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និង ចាត់វិធានការជាច្រើនទៀត។


សម្តេចតេជោ បានសង្កត់ធ្ងន់ថា យើងបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់យើង ហើយវិបត្តិមួយ តែងបង្កប់កាលានុវត្តន៍ភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ ដោយបានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។ សម្តេចតេជោ យល់ស្របនឹង ឯកឧត្ដម សុខ ហាច ដែលលើកឡើងថា ការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ សំខាន់ណាស់។ ទន្ទឹមនឹងនេះដែរ យើងត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់យើងនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចដែលយើងមាន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និង អេម៉រ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP ...។ សម្តេចតេជោបានអះអាងថា យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ យើងប្រឹងមួយដង្ហើមទៀត ពីពេលនេះទៅឆ្នាំ២០២៩ ក្នុងការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC)និង ឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕
ដោយ៖ ជឹម ណារី





