អាជ្ញាធរស្រុកទឹកឈូលើកទឹកចិត្តមន្ត្រីកសិកម្មឃុំឱ្យរួមគ្នាចងក្រងជាបណ្តុំបច្ចេកទេស និងបណ្តុំអ្នកផលិត
AKP កំពត ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥--
អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពត បានលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេសកសិកម្មឃុំទាំងអស់ឱ្យប្រើប្រាស់ថាមពល និងចំណេះដឹងរបស់ខ្លួន ផ្តោតទៅលើការងារជួយឱ្យកសិករមានមុខរបរច្បាស់លាស់ កសិផលមានទីផ្សារល្អ និងស្នើសូមឱ្យរួមគ្នាចងក្រងជាបណ្តុំ ទាំងបណ្តុំបច្ចេកទេស និងបណ្តុំអ្នកផលិត ខណៈដែលមន្ត្រីបច្ចេកទេសកសិកម្មថានឹងធ្វើឱ្យវិស័យកសិកម្មស្រុកអភិវឌ្ឍទៅមុខ និងក្លាយជាគំរូគេ។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍របស់ក្រុមមន្ត្រីបច្ចេកទេសកសិកម្មទាំង១០ឃុំនៃស្រុកទឹកឈូ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី ង៉ែត សូសែង បានមានប្រសាសន៍ថា ទីតាំងភូមិសាស្ត្រស្រុកទឹកឈូអំណោយផល និងមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម។ ហើយវិស័យទាំងពីរនេះ គឺអាចជួយគ្នាទៅវិញទៅមក ដូច្នេះហើយមន្ត្រីបច្ចេសទេសកសិកម្មឃុំទាំង១០នាក់ត្រូវខិតខំប្រឹងប្រែងជួយដល់កសិករ ទាំងបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹម ការកែច្នៃ ការវេចខ្ចប់ និងលទ្ធភាពស្វែងរកទីផ្សារ។

ចំណែកក្រុមមន្ត្រីបច្ចេកទេសកសិកម្មឃុំបានលើកឡើងថា ទោះពួកគាត់ជាមន្ត្រីនៅឃុំផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែបំណងរបស់ពួកគាត់គឺរួមតែមួយ គឺចង់ជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្មឃុំ និងស្រុកទឹកឈូឱ្យកាន់តែប្រសើរ ពិសេសចង់ឃើញស្នាមញញឹមរបស់កសិករ តាមរយៈការផ្តល់នូវបច្ចេកទេស ដាំដុះ ចិញ្ចឹម ការកែច្នៃ និងវេចខ្ចប់ ក្នុងន័យជំរុញទាំងបរិមាណផលិត និងជំរុញទាំងការងារទីផ្សារ។

គួររម្លឹកថា ស្រុកទឹកឈូមាន១៣ឃុំ បច្ចុប្បន្នមន្ត្រីបច្ចេកទេសកសិកម្មមានចំនួន១០ឃុំ ចំណែកឃុំ៣ផ្សេងទៀតនៅមិនទាន់មានមន្ត្រីកសិកម្មនៅឡើយ។ អាជ្ញាធរស្នើឱ្យមន្ត្រីការិយាល័យកសិកម្មស្រុក និងមន្ត្រីបច្ចេកទេសកសិកម្មឃុំរួមគ្នាចុះទៅពិនិត្យ និងជួយរាល់បញ្ហា ឬកង្វះខាងបច្ចេកទេសផ្សេងៗ ជូនដល់បងប្អូនប្រជាកសិករ ឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបតាមការចង់បានរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ពិសេសថ្នាក់ដឹកនាំស្រុកទឹកឈូ៕
ដោយ ប្រាក់ លាង





