ប្រាសាទតាព្រហ្មបង្កប់ទៅដោយជំនឿសាសនា និងជាទីកម្សាន្តរបស់អ្នកទេសចរទាំងក្នុង និងក្រៅប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥--
ប្រាសាទតាព្រហ្មគឺជាប្រាសាទមួយបានកំពុងទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ ប្រាសាទមួយនេះគឺស្ថិតនៅក្នុងចំណោមប្រាសាទដ៏អស្ចារ្យដទៃទៀតស្ថិតនៅលើទឹកដីខេត្តសៀមរាប។ អ្នកស្រុកតែងហៅប្រាសាទនេះថា «តាព្រហ្ម» ជួនថា «បន្ទាយតាព្រហ្ម» ជាដើម។ ការហៅថា «បន្ទាយតាព្រហ្ម» គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា «តាព្រហ្ម» ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា “រាជវិហារ”។

ប្រាសាទតាព្រហ្មត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១១៨៦ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ក្នុងគោលបំណងគោរព ទៅដល់ព្រះពុទ្ធសាសនាមហាយាន និងគោលបំណងឧទ្ទិសទៅដល់គុណព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ លើសពីនេះទៀតប្រាសាទដ៏ល្អឯកមួយនេះ នៅមានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រ គ្មានគូប្រៀបក្នុងលោកនេះឡើយ។ គ្រប់ទីកន្លែងនៃតួប្រាសាទសុទ្ធសឹងតែរំលេចទៅដោយចម្លាក់គួរជាទីចាប់អារម្មណ៍ទៅលើព្រេងនិទាន និងបង្កប់ទៅដោយអត្ថន័យវប្បធម៌ ប្រពៃណីរបស់ខ្មែរដ៏យូរលង់ដែលមនុស្សជំនាន់ក្រោយមិនអាចដឹងបាន។ តាមរយៈស្នាដៃទាំងអស់នេះហើយ ទើបបានធ្វើឱ្យទេសចរខ្លះដែលបានមកទស្សនាច្រើនដងក្ដី តែក៏មិនចេះនឿយណាយក្នុងការមកដំណើរកម្សាន្តម្តងហើយម្តងទៀតឡើយ។

ក្រៅអំពីប្រាង្គប្រាសាទដ៏អស្ចារ្យមួយនេះអ្វីដែលធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍មួយទៀតនោះគឺដើមឈើធំៗដែលដុះលម្អបង្កប់នៅលើប្រាសាទនោះគឺ ភាគច្រើនជាដើមស្ពង់។ ដើមឈើខ្ពស់ៗដែលដុះលើប្រាសាទរាប់រយឆ្នាំមកនេះ បច្ចុប្បន្នបានក្លាយជាទីចាប់អារម្មណ៍ និងក៏ជាទីកន្លែងថតរូបភាពអនុស្សាវរីយ៍របស់អ្នកទេសចរយ៉ាងជាទីពេញនិយមបំផុត។ ដោយឡែកអ្នកទេសចរដែលចូលកម្សាន្តប្រសាទនេះមិនភ្លេចមួយទៀតនោះគឺតែងតែស្វែងរកប្រាង្គប្រាសាទមួយដែលគេហៅថា «ប្រាសាទគក់ទ្រូង»។ ប្រាសាទនេះកាលបើយើងឈរផ្អឹបជញ្ជាំង ហើយយកដៃគក់លើដើមទ្រូងនោះនឹងលាន់លឺសំឡេងខ្ទ័ររងំឡើង ម្ល៉ោះហើយទើបមានមនុស្សជាច្រើនកាលបើទៅដល់កន្លែងនេះទើបនាំគ្នាអធិដ្ឋាន ដោយគក់ទ្រូងដើម្បីបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញរាល់ជំងឺចង្រៃចេញពីខ្លួន ឬបួងសួងសុំសេចក្តីសុខជាដើម។
បើតាមលោកតាម្នាក់ឈ្មោះ មាន់ ដែលជាចាស់ទុំនៅស្រុកនេះ ហើយក៏តែងតែប្រាប់ដល់អ្នកទេសចរចូលមកកាន់ប្រាសាទនេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានយើងថា ប្រាសាទគក់ទ្រូង មានអ្នកទេសចរមានជំនឿច្រើន ពិសេសខ្មែរយើងគេស្គាល់ច្រើនណាស់។ ប្រាសាទនេះជាទីល្បីល្បាញនៅប្រាសាទតាព្រហ្ម និង ក៏ដូចជាប្រាសាទដទៃទៀតក្នុងទឹកដីខេត្តសៀមរាប។
ដោយឡែក លោក ផែន សុខ មន្រ្តីគ្រឹះស្ថានអង្គរដែលប្រចាំការនៅប្រាសាទតាព្រហ្មបានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃមានអ្នកទេសចរទាំងក្នុងប្រទេស និងក្រៅប្រទេសចូលកម្សាន្តប្រាសាទតាមព្រហ្មច្រើនបើគេគិតជាចំនួននោះក្នុងមួយថ្ងៃៗរាប់រយនាក់ ហើយអំឡុងចូលឆ្នាំថ្មីកន្លងមកមានមនុស្សចូលទស្សនាមិនតិចជាងចាប់ពី៣ពាន់នាក់ដល់ជាង៧ពាន់នាក់ឡើយ។

សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា ប្រាសាទតាព្រហ្មត្រូវបានសាងសង់ឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានមុខងារជាសាសនដ្ឋានផង និងជាមជ្ឈមណ្ឌលសិក្សាផង។ ម្ល៉ោះហើយក្នុងបរិវេណប្រមាណ៦០ហិកតា ប្រាសាទតាព្រហ្មក៏បានចាត់ទុកជាសាកលវិទ្យាល័យដ៏ធំមួយរបស់ខ្មែរនាយុគសម័យនោះ៕
ដោយ៖ ដេប៉ូ





