ជម្រើសជាតិកង់កំពុងដុសខាត់បច្ចេកទេស ត្រៀមកីឡាយុវជនអាស៊ី នៅបារ៉ែន និងស៊ីហ្គេម នៅថៃ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--ក្រុមកីឡាករជម្រើសជាតិកីឡាទោចក្រយានកម្ពុជាកំពុងបង្កើនការហ្វឹកហាត់ដុសខាត់សមត្ថភាពបច្ចេកទេស ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។

នេះបើតាមការគូសបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។ លោក នូ ចំរើន បានលើកឡើងបន្ថែមថា ប្រភេទកីឡាទោចក្រយានកម្ពុជាកំពុងត្រៀមខ្លួន ក្នុងចំណោមប្រភេទកីឡាផ្សេងៗសរុបចំនួន១៧របស់កម្ពុជា ដើម្បីចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥។ បច្ចុប្បន្ន ចំនួនកូតាកីឡាករថាមានចំនួនប៉ុន្មាននាក់មិនទាន់ត្រូវបានកំណត់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ។

លោកអគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ និងឈុតយុវជនកីឡាទោចក្រយានកំពុងប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយឈុតយុវជនត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងឈុតធំត្រៀមចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។

លោក នូ ចំរើន លើកឡើងទៀតថា យោងតាមផែនការប្រចាំឆ្នាំសម្រាប់ការហាត់ហ្វឹកហ្វឺនរបស់សហព័ន្ធ និងគោលការណ៍ប្រមូលផ្តុំក្រុមជម្រើសជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធបានប្រមូលផ្តុំហ្វឹកហាត់ ត្រៀមលក្ខណ:ចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីប និងតំបន់ទាំងពីរខាងលើនេះ ហើយក៏ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្រោមការអនុញ្ញាតពីគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងការតាមដានពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធបានប្រមូលផ្តុំកីឡាករថ្នាល (មានអាយុចាប់ពី១២ឆ្នាំឡើង) ចំនួន៤នាក់ (កីឡាករមកពីខេត្តកំពង់ឆ្នាំង៣នាក់ និងរាជធានីភ្នំពេញ១នាក់) ដោយប្រមូលផ្តុំហ្វឹកហាត់ រៀនសូត្រ ស្នាក់នៅ ហូបចុក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីសប្តាហ៍ទី៣ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។


ការប្រមូលផ្តុំកីឡាករយុវជន និងកីឡាករឈុតធំ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ដោយក្នុងនោះសហព័ន្ធទទួលបានការអនុញ្ញាតគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដោយប្រមូលផ្តុំក្រុមជម្រើសជាតិមានកីឡាករ១០នាក់ (កង់ភ្នំ ៤នាក់ និងកង់គួក ៦នាក់)។ គ្រូបង្វឹក និងគ្រូជំនួយជម្រើសជាតិមាន៤នាក់ សរុបចំនួន១៤នាក់ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ខាងលើនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ទី៣ ក្នុងខែមេសា រហូតដល់ចុងវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងកំឡុងពេលនៃការប្រមូលផ្តុំហ្វឹកហាត់នេះ ក្រោមការស្នើសុំរបស់សហព័ន្ធដើម្បីឈានឆ្ពោះទៅកម្រិតប្រកួតប្រជែង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអនុញ្ញាតឱ្យសហព័ន្ធបោះជំរុំហ្វឹកហាត់ និងជួលផ្ទះស្នាក់នៅ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយតាមដានត្រួតពិនិត្យពីសិទ្ធផលបច្ចេកទេស និងព្រមទាំងផ្តល់ជូននូវប្រាក់ឧបត្ថម្ភជូនដល់ក្រុមកីឡាករ និងគ្រូបង្វឹក (ក្នុងម្នាក់ចំនួន២លានរៀលគត់) គិតចាប់ពីថ្ងៃប្រមូលផ្តុំ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៥ ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការចូលរួមប្រកួតប្រជែងលើ១៧ប្រភេទកីឡារបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន នៅឆ្នាំ២០២៥នេះហើយ នឹងដល់វេនទទួលរៀបចំធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ខាងមុខរបស់កម្ពុជាវិញម្តង ដោយក្នុងកម្មវិធីបិទការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥នេះ កម្ពុជាក៏បានត្រៀមក្រុមអត្តពលិក សិល្បៈចូលរួមសម្តែងបង្ហាញខ្លួន និងទទួលទង់ ក្នុងនាមជាម្ចាស់ផ្ទះបន្តវេនពីប្រទេសបារ៉ែន មកកម្ពុជា នាឆ្នាំ២០២៩ ផងដែរ៕
ដោយ ហេង ណាលីន





