អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
AKPបន្ទាយមានជ័យថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារ និងកងកម្លាំងចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នៅសង្កាត់ម្កាក់នោះ បានបណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតមួយចំនួន។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាឱ្យក្រុមការងារពាក់ព័ន្ធ និងកងកម្លាំងចុះដល់ទីតាំងកើតហេតុ ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត និងផ្តល់ជំនួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសចុះពិនិត្យ និងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមានការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើង និងបានសន្យាថានឹងចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។ ឯកឧត្តមបានបន្ថែមថា៖ «អាជ្ញាធរខេត្តនឹងបន្តតាមដាន និងផ្តល់ការគាំទ្រចាំបាច់នានា ដើម្បីឱ្យបងប្អូនឆាប់បានវិលត្រឡប់ទៅរស់នៅដូចដើមវិញ»។

ក្នុងឱកាសដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋនោះផងដែរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តក៏បានជំរុញទៅដល់កងកម្លាំង និងអាជ្ញាធរក្រុង -ស្រុក និងឃុំ-សង្កាត់ សំដៅធ្វើយ៉ាងណាពន្លឿននៃការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ឱ្យបានលឿនដើម្បីឱ្យពួកគាត់បានទីជម្រកសម្រាប់ស្នាក់នៅ និងបានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានភ្លៀង ខ្យល់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗដោយមិនត្រូវពន្យាពេលឡេីយ។

ទន្ទឹមនឹងនោះ នៅស្រុកមង្គលបូរីឯណោះវិញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គ្រោះ ខ្យល់កន្ត្រាក់ ក៏បានវាយប្រហារប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៧ខ្នង នៅឃុំស្រះរាំង ដោយក្នុងនោះផ្ទះមួយខ្នងបានរលំទាំងស្រុង។ ក្រោយកើតហេតុភ្លាមៗ លោក រ័ត្ឋ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក៏បានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។
បច្ចុប្បន្នក្រុមការងារជំនាញកំពុងបន្តធ្វើការវាយតម្លៃពីទំហំនៃការខូចខាតទាំងស្រុង ដើម្បីផ្តល់ជំនួយស័ក្តិសមដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ជាពិសេសនៅរដូវប្រែប្រួលអាកាសធាតុនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២ និង០០ រសៀល មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នង ដើមឈើសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹក៕
ដោយ៖ ឈុនសារ៉ាត





