ព្រះខ័នរាជស្វាយរៀងឈ្នះបឹងកេត ១-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៤-២០២៥ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិជាតិអូឡាំពិក។

១គ្រាប់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចដោយកីឡាករ ជូ ស៊ិនទី តាំងតែនាទីទី៩ហើយលទ្ធផល១ទល់០នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។ នេះដើមទុនមួយរបស់ក្រុមព្រះខ័នរាជស្វាយរៀងលើក្រុមបឹងកេត ដើម្បីបន្តជួបគ្នាម្តងទៀត នៅជើងទី២ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីកាត់សេចក្តីរកក្រុមឈ្នះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតវគ្គពាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២នេះ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេតបានឯកភាពគ្នាជាមួយគណៈកម្មការរៀបចំការប្រកួត ក្នុងការលើកពេលថ្ងៃទីពីថ្ងៃទី៧ ខែឧសភា ទៅថ្ងៃទី១៤ ខែឧសភាវិញ ដោយសារតែក្រុមព្រះខ័នរាជស្វាយរៀងកៀកថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមក្រុមខ្លាំងរបស់ប្រទេសតួកម៉េនីស្ថាន FK Arkadag នៃពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League 2024/25) នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមភ្នំពេញក្រោនត្រូវប៉ះជាមួយក្រុមវិសាខា ដោយកាលពីដំបូងឡើងត្រូវប្រកួតនៅថ្ងៃទី២៣ ខែមេសានេះដែរ ប៉ុន្តែ១ប្រកួតនេះត្រូវបានលើកពេល ទៅប្រកួតនៅថ្ងៃទី៣០ ខែមេសា ២០២៥វិញ ដោយសារតែក្លឹបវិសាខាកំពុងកាន់ទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់កីឡាករ ទេស សម្បត្តិ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ ចំពោះការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥៕



ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





