កិច្ចប្រជុំស្តីពីការពិនិត្យភារកិច្ចទទួលខុសត្រូវ និងយន្តការនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យភារកិច្ចទទួលខុសត្រូវនិង យន្តការនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានអធិការកិច្ច និងបណ្តឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ខណៈដែលពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងត្រួតពិនិត្យឡើងវិញនូវភារកិច្ចជាន់គ្នារវាងអង្គភាពពីរ គឺសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដោយតម្រូវឱ្យនៅតាមក្រសួងស្ថាប័ននានាពិនិត្យបែងចែកតួនាទី ភារកិច្ចអង្គភាពទាំងពីរនេះឱ្យបានច្បាស់លាស់ ឬច្របាច់បញ្ចូលគ្នាតែម្តង ហើយកន្លងមកក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុវត្តភារកិច្ចទទួលខុសត្រូវនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃតាមយន្តការសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលអនុវត្តដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានអធិការកិច្ច និងបណ្ដឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។


ការត្រួតពិនិត្យតាមដាន និងវាយតម្លៃ តាមប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ត្រូវត្រួតពិនិត្យ វាយតម្លៃផ្ទៃក្នុងសម្រាប់រចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួង ឬរចនាសម្ព័ន្ធថ្នាក់ជាតិ និងការត្រួតពិនិត្យខាងក្រៅ រចនាសម្ព័ន្ធក្រសួង ឬរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តភារកិច្ចស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងដែលត្រូវអនុវត្តនៅតាមអង្គភាពផ្ទៃក្នុងនៃរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួង (ថ្នាក់ជាតិ) ដែលក្នុងនោះរួមមាន អគ្គលេខាធិការដ្ឋាននិងអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ អគ្គាធិការដ្ឋាន និងអង្គភាពក្រោមឱវាទ គ្រឹះស្ថានឧត្តមសិក្សា និងអង្គភាពក្រោមឱវាទ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។
ដោយឡែក នាយកដ្ឋានអធិការកិច្ច និងបណ្ដឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដែលជាសេនាធិការឱ្យអគ្គាធិការដ្ឋាន ត្រូវអនុវត្តភារកិច្ចតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការត្រួតពិនិត្យផ្ទៃក្រៅនៃរចនាសម្ព័ន្ធរបស់ក្រសួង ឬរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ដែលក្នុងនោះមាន មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ (ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ) គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសគិតចាប់ពីគ្រឹះស្ថានមត្តេយ្យសិក្សាដល់គ្រឹះស្ថានមធ្យមសិក្សា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




