តំបន់រមណីយដ្ឋានទំនប់ម្លេចខេត្តកំពតនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី "រាំវង់ទំនប់ម្លេច" រយៈពេលបីថ្ងៃ
AKP កំពត ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- តំណាងប្រជាពលរដ្ឋ និងជាប្រធានសហគមន៍ទេសអេកូទេសចរណ៍ ទំនប់ម្លេច ស្រុកជុំគិរី ខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងតំបន់ និងទេសចរ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍ម្លេច និងទំនៀមទម្លាប់ប្រពៃណីចូលឆ្នាំផងនោះ សហគមន៍នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី "រាំវង់ទំនប់ម្លេច" រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
លោក ឡាច សោភិន តំណាងប្រជាពលរដ្ឋ និងជាប្រធានសហគមន៍អេកូទេសចរណ៍ ទំនប់ម្លេច បានលើកឡើងថា បន្ទាប់ពីបានរៀបចំបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិរយៈពេល៨ឆ្នាំមកនេះ ទំនប់ម្លេច បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប ហើយកំពុងទទួលបានការគាំទ្រ និងមកលេងកម្សាន្តពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើន។


លោកបន្តថា ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការរវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវករ និងប្រជាពលរដ្ឋ ដោយមានការឧត្តម្ភគាំទ្រពី ឌឺ មរកត រីសតម្លេច ដែលជាកន្លែងផ្តល់សេវាស្នាក់នៅ អាហារដ្ឋាន និងលំហែកម្សាន្ត មានខ្ចុះ និងស្ពានឫស្សីវែងរាប់រយម៉ែត្រ ដែលនឹងចាប់ផ្តើមបើកដំណើរសាកល្បងក្នុងថ្ងៃចូលឆ្នាំផងដែរនោះ សហគមន៍នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានឈ្មោះថា "រាំវង់ទំនប់ម្លេច"។

ទទ្ទឹមគ្នានោះដែរ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលលោកតែងតែជំរុញលើកទឹកចិត្ត និងជួយគាំទ្រដល់ប្រតិបត្តិករទេសចរណ៍ឲ្យមានលទ្ធភាពអាចអភិវឌ្ឍន៍កន្លែងរបស់ខ្លួនមលដល់សព្វថ្ងៃ។


សហគមន៍រំពឹងថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យបានមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហើយសហគមន៍នឹងបន្តរៀបចំសង្ក្រាន្តជារៀងរាល់ឆ្នាំ ឱ្យបានកាន់តែធំ និងសប្បាយរីករាយថែមទៀត៕
ដោយ ប្រាក់ លាង




