យុទ្ធនាការ "ផ្លូវជាតិស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក"
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពីយុវជនស.ស.យ.ក យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ ដើម្បីចូលរួមសំអាតនិងអនាម័យបរិស្ថាននៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ច័ន្ទថេត ថានរៈ បានសម្តែងក្តីពេញចិត្ត និងការគាំទ្រចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស អាជីវករ និយោជិត កម្មករ កម្មការិនីពិសេសយុវជនយើង ឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់ខេត្តកំពង់ស្ពឺក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព ព្រមទាំងបានបញ្ជាក់ថា សំណល់ប្លាស្ទិកអាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។


ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» មន្ទីរបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសាធារណៈជនចូលរួមយ៉ាងច្រើនកុះករ ក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ មន្ទីរបរិស្ថានក៏បានសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងខេត្តកំពង់ស្ពឺនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ៕

ដោយ លឹម សាន្ត




