មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- ក្នុងបរិយាកាសដ៏សែនរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលកំពុងធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានសម្តែងក្តីនឹករលឹក និងកោតសរសើរចំពោះបងប្អូនពលករទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារនៅប្រទេសថៃ និងបានឆ្លៀតឱកាសដ៏មានតម្លៃនេះធ្វើដំណើរមកជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុ រាត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនពលករទាំងអស់ ដែលបានធ្វើដំណើរមកដល់ទឹកដីកំណើតដោយសុវត្ថិភាព និងបានលើកឡើងពីការត្រៀមលក្ខណៈរួចជាស្រេចរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការសម្រួលការធ្វើដំណើរ និងផ្តល់សេវាចាំបាច់នានាដល់បងប្អូនពលករដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។


បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនពលករទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
លោកជំទាវ ជូ ប៊ុនអេង និងឯកឧត្តម អ៊ុ រាត្រី បានជូនពរបងប្អូនពលករទាំងអស់ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។


សូមបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ៕
ដោយ ឈុន សារ៉ាត




