ពិធីជួបសំណេះសំណាលជាមួយលោកយាយលោកតាសមាគមមនុស្សចាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកយាយលោកតា សមាគមមនុស្សចាស់ និងបាននាំយកអំណោយ ថវិកាមួយចំនួនព្រមទាំងហូបនំបញ្ចុកសាមគ្គីជាមួយគ្នានៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ទុន ចាន់រ៉ា តំណាងឱ្យសមាគមមនុស្សចាស់ បានរាយការណ៍ថា សមាគមមនុស្សចាស់បង្កើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មកដល់ឆ្នាំ២០២៥នេះ មានរយៈពេលជា៣ឆ្នាំហើយ មានទីតាំងស្ថិតក្នុងភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានសមាជិកទាំងអស់ចំនួន២០០នាក់ និងគោលការណ៍ហិរញ្ញវត្ថុជាក់លាក់។


លោក ងួន រាសី បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំពិតជាមានចិត្តរំភើបជាពុនពេក ដែលបានចូលរួមជាមួយលោកតា លោកយាយ ប្អូនៗយុវជនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនិងទិវាមនុស្សចាស់នាពេលនេះ។ គោលបំណងរបស់សមាគមមនុស្សចាស់ជាគំរូអន្តរជំនាន់ដើម្បីជាគម្រូសាខា ដែលនឹងសម្របសម្រួលឱ្យសមាជិកទាំងអស់ ចេះជួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សចាស់ នៅក្នុងសហគមន៍ និងដើម្បីចូលរួមចំណែកសម្រាល ការងាររបស់សមាគមមនុស្សចាស់ឃុំ/សង្កាត់។ សមាគមមនុស្សចាស់ មានរៀបចំលក្ខន្តិកៈនិងគោលការណ៍ហិរញ្ញវត្ថុជាក់លាក់មានកម្មវិធីហាត់ប្រាណ ដើម្បីសុខភាព នៅរៀងរាល់មុនការជួបប្រជុំ។”

ក្នុងឱកាសនោះ លោកអភិបាលរងបានផ្ដាំផ្ញើ និងកោតសសើរដោយស្មោះចំពោះលោកតា លោកយាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្អូនៗយុវជនដែលតែងតែលើកទឹកចិត្ត គាំទ្រឱ្យសមាគមនេះដំណើរល្អបានរហូតមកដល់ថ្ងៃនេះ សម្រាប់ជាផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះនិងបានសំណូមពរដល់បងប្អូនយុវជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាបន្ត ជួយគាំទ្រឧបត្ថម្ភបន្ថែមទៀត ដើម្បីឱ្យសមាគមមនុស្សចាស់នេះមានដំណើរការជារៀងរហូត។

ទន្ទឹមនឹងនេះ លោក ងួន រាសី និងក្រុមការងារបានចែកវត្ថុអនុស្សាវរីយមានក្រមា១ ថវិកា៥០០០រៀលក្នុង១នាក់ មានរៀបចំនំខេករួមគ្នានិងពិសារអាហារសាមគ្គី (ហូបនំបញ្ចុក)។ សមាគមនុស្សចាស់អន្តរជំនាន់ភូមិពោធិ៍បាក់ក ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការមនុស្សចាស់កម្ពុជានិងមន្ទីសង្គមកិច្ចខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា




