បទវិចារណកថា៖ ប្រជានុរាស្រ្តសូមថ្វាយព្រះរាជវន្ទនកិច្ចដង្ហែអង្គមហាក្សត្រ ក្នុងព្រះពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ --
នាថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវព្រះរាជពិធីមួយ ដែលហៅថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជធិបតីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ នេះអាចជាពិធីកម្មសាសនា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព្រះរាជពិធីនេះ មានតម្លៃខាងប្រវត្តិសាស្រ្ត ហើយក៏មានតម្លៃខាងអរិយធម៌ ដែលបន្សល់ទុកមកនៅក្នុងសង្គមកម្ពុជាតាំងពីយូរយារណាស់មកហើយ ដើម្បីបង្ហាញនូវកម្លាំងសាមគ្គីភាពជាតិ។

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះ បានរៀបចំឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលមក ហើយ នៅក្នុងសង្គមកម្ពុជាទំនើបនាពេលសព្វថ្ងៃ ក៏បាននិងកំពុងតែព្យាយាមប្រកាន់ខ្ជាប់នូវវប្បធម៌ និងអរិយធម៌ទាំងនេះបន្តទៀត ហើយអ្វីដែលជាមហាកិត្តិយសសម្រាប់គណៈកម្មការរៀបចំកម្មវិធីនេះគឺនឹងទទួលព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្វីត្បិតតែពិធីកម្មនេះគឺជាពិធីសាសនាក៏ពិតមែន ប៉ុន្តែវាក៏ជាពិធីនិមិត្តរូបជាតិ ហើយជាព្រះរាជពិធីដែលគេរៀបចំឡើងដើម្បីបង្ហាញពីកម្លាំងសាមគ្គីភាព និងឯកភាព ព្រមទាំងបង្ហាញនូវកិត្យានុភាពជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
ដើម្បីរៀបចំពិធីនេះឱ្យមានភាពអធិកអធម គណៈកម្មការអន្តរក្រសួងមួយត្រូវបានបង្កើតឡើង ដោយមានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាប្រធាន និងមាន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី អាជ្ញាធរដែនដីសរុបលើសពី ៣០ រូបជាអនុប្រធាន និងជាសមាជិក ដើម្បីសម្របសម្រួលឱ្យព្រះរាជពិធីនេះដំណើរការដោយរលូន។
តាមការគ្រោងទុកព្រះរាជពិធីនេះនឹងមានការដង្ហែ និងចូលរួមដោយមេដឹកនាំកំពូលកម្ពុជាជាច្រើនរូប ដោយរួមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សមាជិកព្រឹទ្ទសភា រដ្ឋសភា និងរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អង្គទូត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូប។ ពិធីនេះនឹងត្រូវរៀបចំនៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ប៉ុន្តែមិនមែនមានន័យថា ពលរដ្ឋនៅកន្លែងផ្សេងទៀតមិនអាចបួងសួងចម្រើនសេចក្តីសុខបានឡើយ។
សូមបងប្អូនជនរួមជាតិទូទាំងប្រទេសតាំងចិត្តជ្រះថ្លា ហើយចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី និងកម្លាំងសាមគ្គីនៃមហាជនខ្មែរចូលរួមនៅក្នុងព្រឹត្តិការណ៍នៃជំនឿ និងអរិយធម៌នេះ ដើម្បីឱ្យគ្រប់សមាសភាពនៃសង្គម អាចរួមត្របាញ់ចូលគ្នានូវការប្តេជ្ញាចិត្តលើកកម្ពស់ការអភិវឌ្ឍ និងកសាងប្រទេសជាតិឱ្យបានគត់មត់។
ពិធីនេះគឺដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប និងដើម្បីជាការបង្ហាញការដឹងគុណដល់បុព្វបុរសខ្មែរ ដែលកសាងអង្គរ និងប្រាង្គប្រាសាទបុរាណជាច្រើនទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ ប៉ុន្តែវាក៏ជាការបង្ហាញនូវស្មារតី និងភាពក្លៀវក្លានៃកម្លាំងមហាជន ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
ពិធីនេះមិនមែនគ្រាន់តែជាពិធីកម្មនៃសាសនាតែមួយមុខនោះទេ វាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលកម្ពុជាតែងតែបា្ររព្ធឡើងតាំងពីសម័យកាលបុរាណមក ហើយវាក៏អាចជាព្រឹត្តិការណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យស្គាល់ឫសគល់ពិតប្រាកដនៃកម្ពុជា ដែលគេដឹងថាគឺជាជាតិសាសន៍មួយដែលមានដើមកំណើតនៅក្នុងប្រទេសនេះស្រាប់តាំងពីសម័យកាលបុរាណ ហើយបន្តរក្សាបានវត្តមានរបស់ខ្លួននៅក្នុងចរន្តនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។
ដើម្បីឱ្យពិធីនេះអាចដំណើរការបានដោយជោគជ័យ សង្ឃឹមថាស្ថាប័នពាក់ព័ន្ធនឹងសម្របសម្រួលការងារគ្នា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីនេះប្រព្រឹត្តទៅបានល្អ ប្រកបដោយជោគជ័យ។ សូមនាំគ្នាចូលរួមពិធីនេះទាំងអស់គ្នា ដើម្បីបង្ហាញនូវកម្លាំងនៃការរួបរួមក្រោមដំបូលនៃប្រទេសដែលមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕
AKP




