ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២២៥គ្រួសារ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលសម្ភារសុខភាពអនាម័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- មន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកម៉ាឡៃ បានរៀបចំពិធីប្រគល់ទទួលសម្ភារសុខភាពអនាម័យជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២២៥គ្រួសារ ដែលមានប័ណ្ណសមធម៌ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ UNDP នៅក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក សិ ឈុនឡេង អនុប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោកស្រី មួង សុភឿន អភិបាលរងស្រុកម៉ាឡៃ និងលោកស្រី ឆាយ សុខ តំណាងអង្គការ UNDP។

ក្នុងឱកាសនោះ លោក សិ ឈុនឡេង បានថ្លែងថា សម្ភារសុខភាពអនាម័យទាំងនេះគឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ និងបានថ្លែងអំណរគុណដល់អង្គការ UNDP ដែលបានផ្តល់ជំនួយឧបត្ថម្ភ និងដល់រដ្ឋបាលស្រុកម៉ាឡៃ ដែលបានសហការរៀបចំពិធីនេះឡើង។
លោកស្រី មួង សុភឿន បានមានប្រសាសន៍ថា រដ្ឋបាលស្រុកម៉ាឡៃនឹងបន្តសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងមូលដ្ឋាន។ លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រើប្រាស់សម្ភារទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។


លោកស្រី ឆាយ សុខ បានថ្លែងថា អង្គការ UNDP ប្តេជ្ញាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានសង្ឃឹមថា សម្ភារសុខភាពអនាម័យទាំងនេះ នឹងរួមចំណែកធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។


សូមជម្រាបជូនថា សម្ភារសុខភាពអនាម័យដែលបានប្រគល់ជូនប្រជាពលរដ្ឋរួមមាន៖ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ម៉ាស និងសម្ភារប្រើប្រាស់ផ្សេងៗទៀត៕
ដោយ ឈុន សារ៉ាត




