ឯកឧត្តម ហួត ហាក់ ទស្សនកិច្ចរបរចម្លាក់ប្រាក់ស្ពាន់ របស់ប្រជាពលរដ្ឋ ឃុំកោះចិន ស្រុកពញាឮ
AKP កណ្ដាល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានចុះទស្សនកិច្ចស្វែងយល់អំពីការប្រកបរបរចម្លាក់ប្រាក់ស្ពាន់របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា នៅក្នុងស្រុកពញាឮ មានបងប្អូនអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ចំនួន១៨៩គ្រួសារ ក្នុងនេះឃុំកោះចិនមានអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ច្រើនជាងគេសរុបចំនួន១៥០គ្រួសារ មាន៥ភូមិ ក្នុងនោះភូមិកោះចិនចំនួន៧៥គ្រួសារ ភូមិព្រែកក្តាម១ចំនួន៤៧គ្រួសារ ភូមិព្រែក្តាម២ចំនួន១២គ្រួសារ ភូមិថ្នល់បត់ចំនួន១៣គ្រួសារ និងភូមិដងគោមចំនួន ២គ្រួសារ ស្មើនិង ៣៥៥ នាក់។ ដោយឡែកឃុំកំពង់លួង នៅភូមិពោធិតូច មានអ្នកផលិតចម្លាក់ប្រាក់ស្ពាន់៣៧គ្រួសារ ស្មើនឹង ៩១នាក់ និងឃុំវិហារលួង នៅភូមិសាលាកាត់សក់មានអ្នកផលិតចម្លាក់ប្រាក់ស្ពាន់២គ្រួសារ ស្មើនឹង២នាក់។ សម្រាប់វិស័យទេសចរណ៍ មានភ្ញៀវទេសចរណ៍មកទស្សនាការផលិតចម្លាក់ប្រាក់ស្ពាន ក្នុងមួយខែប្រមាណជាង៦០០ ទៅ៧០០នាក់ ចំពោះខែ៥ ខែ៦ ខែ៧ មិនសូវមានភ្ញៀវទេសចរមកទស្សនាទេ ។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខ ជីវភាពរស់នៅ ការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយផ្សព្វផ្សាយក្នុងវិស័យទេសចរណ៍ ក៏ដូចជាជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឱ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរដំណែលពីដូនតាកុំឱ្យបាត់បង់ និងដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានគាំទ្រ និងលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវយកចម្លាក់ស្ពាន់ក្នុងស្រុកពញាឮ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឱ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




