ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ក្នុងស្រុកបរិបូណ៌
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិនៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យកសិកម្មចម្រុះ ចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សកម្មភាពនៃការចុះសិក្សាស្រាវជ្រាវផ្តោតលើបួនចំណុច៖ ទី១. ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទិន្នន័យស្ថិតិប្រជាពលរដ្ឋ ការប្រើប្រាស់ដីធ្លី និងឯកសារពាក់ព័ន្ធផ្សេងៗ ទី២. ចុះទៅទីតាំងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង ដើម្បីបញ្ជាក់បន្ថែមអំពីភាពត្រឹមត្រូវ នៃទីតាំង និងទំហំផ្ទៃដីប្រើប្រាស់ ទី៣. ថតដ្រូន ដើម្បីយករូបភាពមកធ្វើការប្រៀបធៀបជាមួយរូបភាពពីផ្កាយរណប និងទី៤. ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យមើលផ្ទៃដីបឋម)។


សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តសម្រាប់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណងចំនួន៥គឺ ទី១. សិក្សាស្រាវជ្រាវ និងវិភាគ អំពីបម្រែបម្រួលផ្ទៃដីកសិកម្ម តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ទី២. ចុះសិក្សាតាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន ទី៣. ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន ទី៤. បង្កើតជាផែនទីគម្របដីកសិកម្ម ក្នុងតំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងទី៥. ចងក្រងជារបាយការណ៍តាមដានការអនុវត្តសកម្មភាពត្រីមាស-ឆមាស-ប្រចាំឆ្នាំ និងរបាយការណ៍បច្ចេកទេស៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)




