ក្រុមប្រឹក្សាខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤
AKP កណ្ដាល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំក្រើនរំលឹកដល់មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ ត្រូវបន្តសហការគ្នាចូលរួមរៀបចំតាមតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងការរៀបចំបាញ់ទឹកនៅសួនច្បារមាត់ទន្លេ ឱ្យមានរបៀបរៀបរយក្នុងថ្ងៃប្រារព្ធពិធីដើម្បីប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសនៅទីតាំង ដែលមានរៀបចំពិធីសង្ក្រាន្តនៅក្នុងមូលដ្ឋានត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ តាមអង្គភាព និងទីសាធារណៈឱ្យមានសោភ័ណភាព។


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរពាក់ព័ន្ធត្រូវចលនានៅតាមវត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ឱ្យមានរៀបចំល្បែងប្រជាប្រិយឱ្យបានទូលំទូលាយដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមលេងកម្សាន្តសប្បាយ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកណ្តាល ដែលមានឯកឧត្តម គួច ចំរើន ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




