ការនាំចេញអង្ករកម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៥ សម្រេចបាន ជាង២១ម៉ឺនតោន
AKP ភ្នំពេញថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥៖ ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន២១១ ០៥៨ តោន គិតជាទឹកប្រាក់ បានចំនួន ១៦០.៥១ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល ត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ២១១ ០៥៨ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ១០៦ ៥១៣ តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣៧ ៨២១ តោន គិតជាទឹកប្រាក់ចំនួន ២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ ប្រទេសបានបរិមាណចំនួន ៣៤ ៩២៣ តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៨០១ តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤ លានដុល្លារសហរដ្ឋអាមេរិក។


ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.៣៨% ប្រភេទអង្ករសគ្រាប់វែង ១៣.៦០% អង្ករចំហ៊ុយ ២.៦០% អង្ករសរីរាង្គចំនួន ១.៩៣% និងអង្ករផ្សេងៗចំនួន ០.៤៩% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៤៤ ៥២៤ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៥៧៥.៣២ លានដុល្លារសហរដ្ឋអាមេរិក ៕
ដោយ៖ ចរិយា




