ផ្សារមូលបត្រកម្ពុជារៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក”
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--
នៅអគារផ្សារមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក” នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating តាមរយៈកម្មវិធី "ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)" ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo។
ជាមួយគ្នានេះដែរ ឯកឧត្តម ហុង សុហួរ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ដែលរួមមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុនចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណចំនួន១៤ ដោយបានកៀរគរមូលធនពីផ្សារមូលបត្រ សរុបប្រមាណ ៥៥០ លានដុល្លារអាមេរិក ។

ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្ដែងការអបអរសាទរដល់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ដែលសម្រេចជោគជ័យក្នុងការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់នៅផ្សារមូលបត្រកម្ពុជា សម្រាប់វិនិយោគិនគុណវុឌ្ឍិ ក្នុងទំហំប្រមាណ ៥០ លានដុល្លារអាមេរិក។ ការចុះបញ្ជីលក់មូលបត្របំណុលជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យមូលបត្រនៅកម្ពុជា សម្រាប់ដើមត្រីមាសទី២ ឆ្នាំ២០២៥ បន្ថែមលើការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារអេស៊ីលីដា ដែលបានកៀរគរមូលធនពីផ្សារមូលបត្រ ក្នុងទំហំ១០០លានដុល្លារអាមេរិក កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ចក្ខុវិស័យកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ និងបានបន្តយកចិត្តទុកដាក់លើវិស័យមូលបត្រ តាមរយៈការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដែលត្រូវបានដាក់ឱ្យអនុវត្ត និងមានសុពលភាព២ឆ្នាំ (ចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ ២០២៧)។

តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់រាជរដ្ឋាភិបាល វិស័យមូលបត្រកម្ពុជាបានទាក់ទាញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើងឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬសញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងទិសដៅពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តសកម្មភាពផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីវិស័យមូលបត្រនៅកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជន និងវិនិយោគិនសក្តានុពល ជាពិសេស បង្កើនកិច្ចសហការជាមួយ ស្ថាប័នហិរញ្ញវត្ថុ សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងជំរុញលើកទឹកចិត្តក្រុមហ៊ុនសក្តានុពល ចូលរួមចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុន ស្នេថេក ដាយណាមិក ដែលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនាថ្ងៃនេះ គឺជាក្រុមហ៊ុនមានអាជីវកម្មចម្បងខាងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា តាមរយៈការរួមចំណែកបំពេញបន្ថែម ទាំងបរិមាណ និងស្ថេរភាពនៃថាមពលអគ្គិសនីនៅកម្ពុជា៕
ដោយ ទូច វលក្ខ័ណ




